ប្រទេសជិតខាងរបស់សហភាពមីយ៉ាន់ម៉ា បានបញ្ជូននាវាចម្បាំង និងយន្តហោះដែលផ្ទុកដោយសម្ភារៈសង្គ្រោះ និងបុគ្គលិកជួយសង្គ្រោះ នៅថ្ងៃអាទិត្យ (ទី៣០ ខែមីនា) នេះ ខណៈដែលជំនួយអន្តរជាតិ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយ បានបំផ្លិចបំផ្លាញតំបន់ភាគច្រើននៃប្រទេសក្រីក្រ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
បើយោងតាមរដ្ឋាភិបាលយោធារបស់សហភាពមីយ៉ាន់ម៉ា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សជាង ១.៦០០នាក់ បានបាត់បង់ជីវិត និង ៣.៤០០នាក់ បានរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ កាលពីថ្ងៃសុក្រ (ទី២៨ ខែមីនា) ដែលជាការរញ្ជួយដ៏ខ្លាំងបំផុតមួយជាលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ១សតវត្សរ៍កន្លងមកនេះ។
គំរូព្យាករណ៍របស់ទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់របស់មីយ៉ាន់ម៉ា អាចមានលើសពី ១០.០០០នាក់ ហើយការខូចខាតអាចលើសពីទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះ។
ប្រទេសឥណ្ឌា ចិន និងថៃ ស្ថិតក្នុងចំណោមប្រទេសជិតខាងដែលបានបញ្ជូនសម្ភារៈ និងក្រុមជួយសង្គ្រោះទៅកាន់ទីកន្លែងរងគ្រោះរបស់សហភាពមីយ៉ាន់ម៉ា ដោយរួមជាមួយនឹងជំនួយ និងបុគ្គលិកមកពីម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី។
ចំណែកអាជ្ញាធរ នៅប្រទេសថៃឯណោះវិញ បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារផ្នែកខ្លះរបស់ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាមួយនេះ ដោយបានធ្វើឲ្យអគារខ្ពស់ដែលកំពុងសាងសង់មួយបាក់រលំ និងបានសម្លាប់មនុស្ស ១៧នាក់ នៅទូទាំងរាជធានីបាងកក ខណៈយ៉ាងហោចណាស់មនុស្ស ៧៨នាក់ នៅតែជាប់ក្រោមគំនរបាក់បែកនៃអគារបាក់រលំនោះ៕



