អ្នកស៊ើបអង្កេតម្នាក់ បាននិយាយនៅថ្ងៃអាទិត្យ (ទី៣០ ខែមីនា) នេះថា នគរបាលកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតទៅលើបុរសម្នាក់ដែលត្រូវបានសង្ស័យថា បានបង្កឲ្យមានចំហេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដោយភាពធ្វេសប្រហែស ខណៈដែលកំពុងសម្អាតទីកន្លែងនៃផ្នូររបស់សាច់ញាតិខ្លួន។
គួរបញ្ជាក់ថា យោងតាមក្រសួងមហាផ្ទៃ បានឲ្យដឹងថា អគ្គិភ័យរាប់សិបកន្លែងកាន់តែរីករាលដាលដោយសារខ្យល់បក់ខ្លាំង និងអាកាសធាតុក្ដៅ ដោយហេតុការណ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និងឆេះបំផ្លាញព្រៃឈើជាង ៤៨.០០០ហិកតា ពោលគឺជាប្រភេទចំហេះព្រៃដ៏អាក្រក់បំផុតដែលត្រូវបានកត់ត្រានៅក្នុងប្រទេសកូរ៉េខាងត្បូង។
មន្ត្រីនគរបាលខេត្ត បាននិយាយថា នៅតំបន់ Uiseong (អឺយសង) របស់ខេត្ត North Gyeongsang (យ៉ងសាងខាងជើង) ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ដោយផ្ទៃដីនៃព្រៃឈើចំនួន ១២.៨០០ហិកតារងផលប៉ះពាល់នោះ បុរសវ័យ ៥៦ឆ្នាំម្នាក់ ត្រូវបានសង្ស័យថា បានបង្កឲ្យមានចំហេះដោយអចេតនា នៅពេលកំពុងថែទាំទីកន្លែងបញ្ចុះសពជីដូនជីតារបស់ខ្លួន កាលពីថ្ងៃទី២២ ខែមីនា។
មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងបានកត់ត្រាការចោទប្រកាន់លើរូបគាត់ដោយគ្មានការឃុំខ្លួន សម្រាប់ការស៊ើបអង្កេតនេះ ដោយត្រូវបានសង្ស័យថា ជាអ្នកចាប់ផ្តើមបង្កឲ្យមានចំហេះព្រៃដោយធ្វេសប្រហែស»។ មន្ត្រីរូបនេះបាននិយាយថា ក្រុមស៊ើបអង្កេតនឹងកោះហៅគាត់មកសាកសួរ នៅពេលដែលការត្រួតពិនិត្យនៅនឹងកន្លែងបានបញ្ចប់ ដែលអាចចំណាយពេលលើសពីមួយខែ។
កូនស្រីរបស់ជនសង្ស័យ បានប្រាប់អ្នកស៊ើបអង្កេតថា ឪពុករបស់នាងបានព្យាយាមដុតមែកឈើ នៅផ្នូរដោយភ្លើងបារី។ ដោយដកស្រង់សម្ដីកូនស្រីរបស់គាត់ដែលនិយាយប្រាប់អាជ្ញាធរ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា អណ្តាតភ្លើង ត្រូវបាន «រាលដាលកាន់តែខ្លាំងដោយសារខ្យល់ ហើយចុងក្រោយកើតមានចំហេះព្រៃដ៏ធំតែម្ដង»។ នគរបាលដែលបានលាក់អត្តសញ្ញាណអ្នកទាំង២ បានបដិសេធមិនបញ្ជាក់ពីការរៀបរាប់នេះទៅសារព័ត៌មាន AFP៕