ភ្នំពេញ៖ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រកាសទទួលស្វាគមន៍កិច្ចដំណើរកម្មវិធី ពន្លាជាតិកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ ក្រុមហ៊ុន JD.com ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំនៅប្រទេសចិនបានធ្វើការផ្តួចផ្តើមបង្កើតថ្នាលពន្លាជាតិ និងមានគម្រោងនាំយកផលិតផលរបស់កម្ពុជា ទៅបង្ហាញនៅលើថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួន ហើយសកម្មភាពនេះ នឹងជំរុញដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិនដំណើរការកាន់តែខ្លាំងក្លា ព្រមទាំងបង្កើនឱកាសសម្រាប់ផលិតផលកម្ពុជាអាចទទួលការបញ្ជាទិញ និងនាំចេញទៅកាន់អ្នកប្រើប្រាស់ក្នុងទីផ្សារចិននិងអន្តរជាតិ។
តាមរយៈការងារនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីទំនុកចិត្តនិងគុណភាពនៃផលិតផលខ្មែរ ជាពិសេសជាការចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន ដែលមានរយៈពេលជាង២ពាន់ឆ្នាំមកហើយ ជាមិត្តភាពដែកថែប នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានចក្ខុវិស័យប្តេជ្ញារួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។
ការកត់សម្គាល់របស់លោកជំទាវ រដ្ឋលេខាធិការបានធ្វើឡើងនៅក្នុង “ពិធីដំណើរការពន្លាជាតិកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច កាលពីល្ងាចថ្ងៃទី២៩ខែមីនានេះ នៅរាជធានីភ្នំពេញ។
លោកជំទាវបានកត់សម្គាល់ឃើញថា សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បន្តយ៉ាងសកម្ម ដោយយោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា ត្រឹមរយៈពេល២ខែនៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន សរុបមានជាង២ពាន់ ៦៦២ លានដុល្លារអាមេរិក ដោយក្នុងនោះ ទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ២១៧ លានដុល្លារអាមេរិក ហើយទំហំនៃការនាំចូលពី ចិន មកកម្ពុជា មាន ចំនួនជាង២ពាន់ ៤៤៤ លាន ដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ២១.១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤កន្លងទៅ។ ក្រសួងពាណិជ្ជកម្មក៏បានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងចិន ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចសម្រេចបានការចុះអនុស្សរណៈនៃ ការយោគយល់គ្នាជាមួយភាគីចិន ស្តីពីការជំរុញពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារចិន ជាពិសេសបង្កើនការរៀបចំការតាំងពិព័រណ៍ក្នុងនិងក្រៅប្រទេស ធ្វើយ៉ាងណាផ្សព្វផ្សាយផលិតផលកម្ពុជាបានកាន់តែទូលំទូលាយ។
នាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះ JD.com និងដៃគូពាក់ព័ន្ធ ដែលសម្រេចបាននូវលទ្ធផលវិជ្ជមាននេះ។ គម្រោងនៃការដាក់ឱ្យប្រើប្រាស់នូវ "ពន្លាជាតិកម្ពុជា" នៅលើផ្ទាលពាណិជ្ជកម្មរបស់ JD.com ជាការបើកច្រកទីផ្សារសម្រាប់កម្ពុជាកាន់តែធំទូលាយ ដែលនេះមិនត្រឹមតែជួយបង្កើនការនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្សព្វផ្សាយដល់អ្នកប្រើប្រាស់នៅក្នុងថ្នាលពាណិជ្ជកម្មខាងលើនេះ អាចស្វែងយល់កាន់តែស៊ីជម្រៅពី វប្បធម៌ និងតម្លៃផលិតផលកម្ពុជាផងដែរ។
លទ្ធផលដែលសម្រេចបាននាពេលនេះ គឺជាការរួមបញ្ចូលនូវ ថ្នាលពាណិជ្ជកម្មទំនើប និងបច្ចេកវិទ្យាទំនើបជាច្រើនទៅក្នុងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា ដែលនឹងជួយកម្ពុជាសម្រេចបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មទំនើប និងនិរន្តរភាពនៃភាពរីកចម្រើន ជួយពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជានិងចិន កាន់តែជិតស្និទ្ធ ជាពិសេសក៏ជាការចូលរួមថែរក្សា ចំណងមិត្តភាពដ៏រឹងមាំ ជាមិត្តភាពដែកថែបនិងប្រៀបបានទៅនឹងទឹកទន្លេមេគង្គដែលហូរមិនចេះរីងស្ងួត៕








