យោធារបស់ទីក្រុងគីវ បានឲ្យដឹងថា កងទ័ពរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការវាយប្រហារតាមអាកាសដោយការទម្លាក់បែកតម្រង់គោលដៅចំនួនជាង ១៥០គ្រាប់ លើប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ពោលគឺជាវាយប្រហារតាមអាកាសដ៏ធំ។
បើយោងតាមទីបញ្ជាការរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា យ៉ាងហោចណាស់ មីស៊ីល KAB ១៥៣គ្រាប់ ពោលគឺប្រភេទគ្រាប់រំសេវមានទម្ងន់ដល់ទៅ ១.៥០០គីឡូក្រាម ឬដែលហៅឈ្មោះក្រៅថា «អ្នកពិឃាតអគារ» ត្រូវបានទម្លាក់លើទីប្រជុំជន និងទីក្រុងនានារបស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍។
ទីបញ្ជាការបានបន្ថែមថា ទាំងនោះគឺជាផ្នែកនៃការវាយប្រហារតាមអាកាសដ៏ធំ ដែលពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសជិត ១០០លើក និងការវាយប្រហារដោយមីស៊ីល នៅក្នុងតំបន់នានា ដូចជា Sumy, Kharkiv និង Zaporizhzhia។ មន្ទីរពេទ្យយោធាមួយ ត្រូវបានវាយប្រហារដោយយានដ្រូនប្រភេទ Shahed ផលិតដោយអ៊ីរ៉ង់ នៅភាគឦសាននៃទីក្រុង Kharkiv ជាការវាយប្រហារដែលទីក្រុងគីវ អះអាងថា ជាឧក្រិដ្ឋកម្មសង្គ្រាម។ មនុស្សយ៉ាងតិច ២នាក់ បានបាត់បង់ជីវិត និង ២៥នាក់ រងរបួស ក្នុងការវាយប្រហារលើទីក្រុងនេះ។
ការវាយប្រហារនោះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែន និងអ្នកវិភាគយោធា បានលើកឡើងថា ទីក្រុងមូស្គូកំពុងរៀបចំត្រៀមការវាយលុកថ្មីមួយ នៅតាមបណ្តោយសមរភូមិជួរមុខចម្ងាយ ៦២១ម៉ាយល៍ (ប្រមាណជិត ១.០០០គីឡូម៉ែត្រ) ក្នុងទីក្រុង Sumy, Kharkiv និង Zaporizizhia។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា៖ «ពួកគេកំពុងពន្យារដំណើរការពិភាក្សា ហើយព្យាយាមធ្វើឲ្យសហរដ្ឋអាមេរិកជាប់គាំង នៅក្នុងការពិភាក្សាគ្មានទីបញ្ចប់ និងគ្មានន័យ ពោលគឺព្យាយាមលើកឡើងនូវ «លក្ខខណ្ឌ» ក្លែងក្លាយ ដើម្បីអូសបន្លាយពេលវេលា ហើយបន្ទាប់មកព្យាយាមដណ្ដើមកាន់កាប់ដែនដីបន្ថែមទៀត»។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារលើនាវា នៅសមុទ្រខ្មៅ បន្ទាប់ពីមានការចរចារដ៏តានតឹងជាមួយសហរដ្ឋអាមេរិក នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ វាមិនមែនជាបទឈប់បាញ់ទាំងស្រុងដែលប្រធានាធិបតីលោក Donald Trump កំពុងបន្តជំរុញឲ្យបញ្ចប់ការលុកលុយរបស់រុស្ស៊ីរយៈពេល ៣ឆ្នាំលើអ៊ុយក្រែននោះទេ ប៉ុន្តែចំណាត់ការនេះត្រូវបានសេតវិមានមើលឃើញថា ជាវឌ្ឍនភាព៕