សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយថែមទាំងរួមគ្នាថែរក្សាបានយ៉ាងល្អនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជាផងដែរ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុង ឱកាសអបអរសាទរ និងជូនពរជ័យ សរិសួស្តី ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងឱកាសបិទបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា«ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ការពារ ហើយនឹងថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា ដែលបានស្វែងរកមកយ៉ាងលំបាក ក្រោយពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយបានលុបបំបាត់ចោលនូវជំនឿសាសនាទាំងស្រុងនៅកម្ពុជា»។
សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេច និងភរិយាសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសបិទបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនរបស់បងប្អូនខ្មែរម៉ូស្លីមនេះដែរ សម្តេចធិបតីសូមឲ្យព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីមទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ និងសូមជូនពរដល់បងប្អូនម៉ូស្លីមទាំងអស់ ដែលមានបំណងធ្វើការបន្តអំណត់បួស ៦ថ្ងៃបន្ថែមក្នុងខែស្ហាវ៉ាល់ ប្រព្រឹត្តទៅដោយជោគជ័យផងដែរ៕
អត្ថបទបាន ចក់









