ថៃ៖ លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha នឹងសម្រេចថា តើប្រទេសថៃនឹងត្រូវបង្ខំឱ្យចូលទៅក្នុងការបិទខ្ទប់មួយផ្សេងទៀត ឬយ៉ាងណា ប្រសិនបើវីរុស Covid-19 បម្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញនៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ វីរុសបម្លែងខ្លួនថ្មីនេះមិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ នេះបើយោងតាមក្រុមអាជ្ញាធរសុខាភិបាល។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលលោក Supattanapong Punmeechaow បាននិយាយថា គណៈរដ្ឋមន្ត្រីបានណែនាំភ្នាក់ងារពាក់ព័ន្ធ ឱ្យតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ខណៈក្រសួងសុខាភិបាលសាធារណៈនឹងវាយតម្លៃ ការបើកប្រទេសឡើងវិញក្នុងរយៈពេលពីរសប្តាហ៍។ អនុរដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ លោក Sathit Pitutecha បានជំរុញឱ្យសាធារណជនកុំភ័យស្លន់ស្លោ ដោយនិយាយថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខបង្កើនការឃ្លាំមើលព្រំដែន ដើម្បីការពារការឆ្លងព្រំដែនខុសច្បាប់ដើម្បីជួយទប់ស្កាត់វីរុសនេះ។
កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តផ្អាកផែនការរបស់ CCSA ក្នុងការអនុញ្ញាតឱ្យអ្នកដំណើរអន្តរជាតិធ្វើតេស្តអង់ទីហ្សែន (ATK) ជំនួសឱ្យការធ្វើតេស្ត RT-PCR ដើម្បីចូលប្រទេស ជុំវិញការព្រួយបារម្ភនៃការឆ្លងរាលដាលវីរុសបម្លែងខ្លួនថ្មី Omicron។ ប្រទេសថៃមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ២,១១៥,៨៧២នាក់ និងស្លាប់ ២០,៧៦៩នាក់។ កាលពីថ្ងៃអង្គារប្រទេសនេះមានអ្នកឆ្លងថ្មីចំនួន ៤,៣០៦នាក់ និងស្លាប់ ៣៧នាក់ ហើយនៅថ្ងៃពុធនេះមានអ្នកឆ្លងថ្មីចំនួន ៤,៨៨៦នាក់ និងស្លាប់ចំនួន ៤៣នាក់៕
អត្ថបទ៖ សុខមាន