ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (៣០ មីនា) ជាមួយនឹងការវាយប្រហារ និងការដំឡើងពន្ធជាបន្តបន្ទាប់ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះ។

នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួនចាប់តាំងពីអ៊ីរ៉ង់ បានបដិសេធកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន លោក Trump បានប្រាប់សារព័ត៌មាន NBC News ថា ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់កំពុងពិភាក្សាគ្នា ប៉ុន្តែមិនបានប្រាប់លម្អិតទេ។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរសព្ទថា "ប្រសិនបើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ នោះនឹងមានការវាយប្រហារ ហើយការវាយប្រហារនោះនឹងជារឿងដែលពួកគេមិនដែលឃើញពីមុនមក"។

លោកបន្ថែមថា "មានឱកាសខ្ពស់នឹងកើតឡើង ប្រសិនបើពួកគេមិនធ្វើកិច្ចព្រមព្រៀងនោះ ហើយអាមេរិកនឹងដាក់ពន្ធបន្តបន្ទាប់លើអ៊ីរ៉ង់ដូចកាលពីបួនឆ្នាំមុន"។
អ៊ីរ៉ង់បានផ្ញើការឆ្លើយតបតាមរយៈប្រទេសអូម៉ង់ ទៅកាន់លិខិតមួយពីលោក Trump ជំរុញឱ្យទីក្រុងតេអេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ដោយដកស្រង់ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា គោលនយោបាយរបស់ខ្លួនគឺមិនចូលរួមការចរចាដោយផ្ទាល់ជាមួយអាមេរិក ខណៈស្ថិតក្រោមយុទ្ធនាការសម្ពាធអតិបរមា និងការគំរាមកំហែងផ្នែកយោធានោះទេ៕