ប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានច្រានចោលលទ្ធភាពនៃការស្វះស្វែងរកអាណត្តិទីបីនៅក្នុងសេតវិមាន ដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញក្រោមវិសោធនកម្មលើកទី២២នោះទេ ដោយនិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ NBC News ថា មានវិធីសាស្រ្តជាច្រើនក្នុងការធ្វើដូច្នេះ ហើយបញ្ជាក់ថា លោកមិនមែននិយាយលេងសើចនោះទេ។

លោក Trump បាននិយាយក្នុងបទសម្ភាសន៍តាមទូរសព្ទថា "លោកមិននិយាយលេងទេ" ប៉ុន្តែក៏បង្ហើបថា "លឿនពេកហើយក្នុងការគិតពីរឿងនេះ"។ លោកបន្តថា មានវិធីសាស្ត្រជាច្រើនដែលអាចធ្វើបែបនោះបាន ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតពីវិធីសាស្ត្រជាក់លាក់ឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកត្រូវបានកំណត់ត្រឹមពីរអាណត្តិ ៤ឆ្នាំប៉ុណ្ណោះ មិនថាអាណត្តិនោះជាប់គ្នាឬក៏អត់ទេ នេះបើយោងតាមវិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ សំណើដើម្បីលុបចោលវិសោធនកម្មរដ្ឋធម្មនុញ្ញបែបនេះ តម្រូវឱ្យមានការបោះឆ្នោតគាំទ្រពីរភាគបីនៅក្នុងសភាទាំងពីរ និងការផ្ដល់សច្ចាប័នដោយសភាបីភាគបួននៃរដ្ឋចំនួន៥០ របស់អាមេរិក។
សម្ព័ន្ធមិត្តលោក Trump មួយចំនួនបានបង្ហហើបនូវគំនិតនៃការទុកលោក Trump ឱ្យបន្តនៅក្នុងសេតវិមានលើសពីឆ្នាំ២០២៨ ហើយលោកប្រធានាធិបតីរូបនេះក៏បានលើកឡើងនូវគំនិតដូចគ្នានេះជាច្រើនដងផងដែរ ក្នុងលក្ខណៈដែលហាក់ដូចជានិយាយញុះ និងចំអកដល់គូប្រជែងនយោបាយរបស់លោក៕