ប្រេសិតពិសេសរបស់រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគអន្តរជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Izvestia ក្នុងសុន្ទរកថាដែលចេញផ្សាយនាថ្ងៃចន្ទ (៣១ មីនា) នេះថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចពិភាក្សាស្តីពីផែនការរុករករ៉ែលោហៈធាតុកម្ររួមគ្នា និងគម្រោងផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី។

លោក Kirill Dmitriev ដែលក៏ជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីផងដែរនោះ បានលើកឡើងថា "លោហៈធាតុកម្រគឺជាផ្នែកសំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ ហើយជាការពិតណាស់ ភាគីទាំងពីរបានចាប់ផ្តើមពិភាក្សាពីលោហៈកម្រ និងគម្រោងផ្សេងទៀតនៅរុស្ស៊ី"។

បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនលើសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ ប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់ឱ្យអាមេរិក - ក្រោមកិច្ចព្រមព្រៀងសេដ្ឋកិច្ចនាពេលអនាគត - នូវផែនការរួមគ្នារុករករ៉ែលោហៈកម្ររបស់រុស្ស៊ី។ លោក Dmitriev ដែលបានចូលរួមក្រុមចរចាររបស់រុស្ស៊ីក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិកនៅអារ៉ាប៊ីសាអ៊ូឌីតក្នុងខែកុម្ភៈ បាននិយាយថា ក្រុមហ៊ុនមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍លើគម្រោងនេះរួចហើយ តែមិនបញ្ជាក់លម្អិតនោះទេ។

រ៉ែកម្រ និងលោហធាតុសំខាន់ៗផ្សេងទៀត ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានទទួលការចាប់អារម្មណ៍ជាសកលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump បានជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងឥទ្ធិពលដ៏ជឿនលឿនរបស់ចិន នៅក្នុងវិស័យនេះ៕