អ្នកស្រុក Sagaing ជាទីក្រុងដែលនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននិយាយថា ឥឡូវនេះនៅតាមផ្លូវនិងកន្លែងជាច្រើន ពោពេញដោយក្លិនស្អុយរលួយពីសាកសពពីការរញ្ជួយដី។

ក្ដីសង្ឃឹមនៅថ្ងៃចន្ទនេះ មានកាន់តែតិច ក្នុងក្ដីរំពឹងស្វែងរកអ្នកនៅមានជីវិតបន្ថែមទៀត ពីគំនរកម្ទេចថ្មក្នុងទីក្រុង Mandalay ជាទីដែលប្រជាពលរដ្ឋមួយចំនួននៅតែបន្តស្នាក់នៅយប់ទី៣ ខាងក្រៅក្រោយលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញ។

អ្នកស្រុកបានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យថា នៅពេលនេះ គេបានទាញយកសាកសពច្រើន ជាងអ្នកនៅរស់រានមានជីវិត ដោយពន្យល់ពីរបៀបដែលក្រុមអ្នកជួយសង្គ្រោះមកពីទីក្រុង Mandalay ដែលនៅជិតនោះទើបតែមកដល់ក្រុង Sagaing នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីស្ពាន Yadanabon ដែលលាតសន្ធឹងលើទន្លេ Irawaddy បានបើកឡើងវិញ។
ស្ពាន Ava នៅក្បែរនោះ ដែលសាងសង់កាលពី៩០ ឆ្នាំមុន ក្នុងសម័យអាណានិគមអង់គ្លេស ស្ថិតក្នុងចំណោមសំណង់ជាច្រើនដែលត្រូវដួលរលំ នៅពេលការរញ្ជួយដីបានវាយប្រហារកាលពីជាង៤៨ ម៉ោងមុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៧០០នាក់ និងរបួសជាង ៣.៤០០នាក់ និងច្រើនរយនាក់ទៀតបាត់ខ្លួន ស្របពេលមានការរំពឹងថាចំនួនអ្នកស្លាប់ និងរបួសពីគ្រោះមហន្តរាយនេះនឹងកើនឡើងថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមអ្នកសង្រ្គោះនៅតែបន្តស្វែងរកទាំងអស់សង្ឃឹមសម្រាប់ព្រះសង្ឈជាង១០០អង្គ ដែលជាប់ក្រោមគំនរកម្ទេចថ្មអគារមួយដួលរលំនៅក្នុងវត្ត Mahamuni ក្នុងទីក្រុង Mandalay ក្រោយរញ្ជួយដី។
កាលពីថ្ងៃទី២៨មីនា ព្រះសង្ឈជាង២៧០អង្គបានជួបជុំគ្នាក្នុងវត្តនេះសម្រាប់ការប្រឡងភាសាបាលីនៅពេលមានគ្រោះរញ្ជួយដីខ្លាំងក្លា៕