ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ការដំឡើងពន្ធបបដិការដែលលោកគ្រោងនឹងប្រកាសក្នុងសប្តាហ៍នេះ នឹងរួមមានប្រទេសទាំងអស់ ពុំមែនត្រឹមតែក្រុមតូចពី១០ ទៅ១៥ ប្រទេស ដែលមានអតុល្យភាពពាណិជ្ជកម្មធំបំផុត នោះទេ។

លោក Trump បានសន្យាថានឹងបង្ហាញផែនការដំឡើងពន្ធដ៏ច្រើននៅថ្ងៃពុធ ដែលលោកបានដាក់ឈ្មោះថា «ថ្ងៃរំដោះ»។ លោកបានដាក់ការបន្ថែមពន្ធលើអាលុយមីញ៉ូម ដែក និងរថយន្តរួចហើយ រួមជាមួយការដំឡើងពន្ធលើទំនិញទាំងអស់ពីប្រទេសចិន។

លោកបានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា «យើងនឹងចាប់ផ្តើមជាមួយប្រទេសទាំងអស់» ។
ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានលោក Kevin Hassett កាលពីពេលថ្មីៗនេះបានប្រាប់សារព័ត៌មាន Fox Business ថា ការដំឡើងពន្ធរបស់រដ្ឋបាល នឹងផ្តោតលើប្រទេសពី១០ទៅ១៥ប្រទេស ដែលមានអតុល្យភាពពាណិជ្ជកម្មអាក្រក់បំផុត ទោះបីជាលោកមិនបានរាយបញ្ជីឈ្មោះប្រទេសទាំងនេះក៏ដោយ។
លោក Trump ចាត់ទុកការដំឡើងពន្ធ ជាមធ្យោបាយការពារសេដ្ឋកិច្ចក្នុងស្រុកពីការប្រកួតប្រជែងសកលមិនយុត្តិធម៌ សម្រាប់លក្ខខណ្ឌល្អប្រសើររបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ក្តីបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មកំពុងធ្វើឱ្យទីផ្សារមិនស្ងប់ និងបង្កើតការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។