មនុស្សរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Dallas រដ្ឋតិចសាស់ កាលពីថ្ងៃអាទិត្យ ទាមទារការការពារផ្លូវច្បាប់សម្រាប់ជនអន្តោប្រវេសន៍ ក្នុងការរប្រឈមមុខការបង្ក្រាបធ្វើឡើងដោយរដ្ឋបាល របស់លោកTrump ដែលបានកំណត់គោលដៅលើជនអន្តោប្រវេសន៍គ្មានឯកសារ និស្សិតបរទេស និងសូម្បីតែអ្នករស់នៅសហរដ្ឋអាមេរិកស្របច្បាប់ក៏ដោយ។

ក្រុមអ្នកតវ៉ា បានលើកទង់ជាតិអាមេរិកដ៏ធំមួយ ហើយស្រែកថា «យើងអាចធ្វើបាន» ជាភាសាអេស្ប៉ាញ។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទទួលការច្រានចោលពីតុលាការសម្រាប់ការចាប់ខ្លួន និងការនិរទេសភ្លាមៗនៃសមាជិកក្រុមជនអន្ធពាលវេណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់ឆ្នាំ១៧៩៨ ព្រមទាំងការចាប់ខ្លួនជនបរទេសនៅសហរដ្ឋអាមេរិកលើទិដ្ឋាការនិស្សិត និងអ្នកកាន់កាតបៃតង។

លោក Domingo Garcia ប្រធានសម្ព័ន្ធពលរដ្ឋអាមេរិកឡាទីនរួបរួម ដែលបានជួយរៀបចំបាតុកម្មកាលពីថ្ងៃអាទិត្យ បាននិយាយថា វាដល់ពេលហើយដើម្បីបញ្ចប់ «ការព្រួយបារម្ភ»។ លោកប្រាប់សារព័ត៌មានរ៉យទ័រថា «វាដល់ពេលដែលត្រូវធ្វើការសម្រាប់ដំណោះស្រាយវិជ្ជមានមួយ ដើម្បីជួសជុលប្រព័ន្ធអន្តោប្រវេសន៍ដែលខូច»។ យើងកំពុងស្នើសុំឱ្យគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ធ្វើការរួមគ្នា ដោះស្រាយបញ្ហានេះ។