មេបញ្ជាការកងកម្លាំងគាំទ្ររហ័ស (RSF) លោក Mohamed Hamdan Dagalo បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា ក្រុមយោធាប៉ារ៉ារបស់លោកបានដកថយចេញពីទីក្រុង Khartoum ជាផ្នែកនៃរដ្ឋធានីរបស់ប្រទេសស៊ូដង់ ដោយហៅចំណាត់ការនេះថាជាការប្តូរទីតាំងយុទ្ធសាស្ត្រទៅកាន់ទីក្រុង Omdurman ជាទីក្រុងមួយផ្សេងទៀតនៅក្នុងតំបន់រដ្ឋធានីត្រីភាគី។

នៅក្នុងសារជាសំឡេងដែលបានផ្សាយតាមរយៈបណ្តាញ Telegram លោក Dagalo បានប្រាប់កងកម្លាំងរបស់លោកថា ការដកថយគឺជា «ការសម្រេចចិត្តដែលត្រូវបានអនុម័តដោយទីបញ្ជាការ និងការគ្រប់គ្រងប្រតិបត្តិការ» ព្រោះវាជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយ។ លោកបាននិយាយថា «ខ្ញុំធានាចំពោះអ្នកថាយើងបានចាកចេញពីទីក្រុង Khartoum ប៉ុន្តែយើងនឹងត្រឡប់ទៅវិញដោយកាន់តែរឹងមាំ» ហើយសង្រ្គាមជិតពីរឆ្នាំប្រឆាំងយោធាស៊ូដង់គឺ នៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់ខ្លួននៅឡើយ»។

ការលើកឡើងរបស់លោក ធ្វើឡើងជាការឆ្លើយតបដោយផ្ទាល់លើកដំបូងរបស់កងកម្លាំងគាំទ្ររហ័ស( RSF) ចំពោះការអះអាងកាលពីពេលពេលថ្មីៗនេះរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ក្នុងការដណ្តើមយកទីតាំងសំខាន់ៗនៅក្នុងទីក្រុង Khartoum រួមទាំងវិមានប្រធានាធិបតី និងអគាររដ្ឋាភិបាលកណ្តាលដែលត្រូវបានរឹបអូសកាលពីថ្ងៃទី២១ ខែមីនា។