បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus បន្ទាប់ពីរងបរាជ័យ ២ប្រកួតផ្ទួនៗបានត្រលប់រកបានជ័យជំនះមកវិញ នៅទឹកដីក្រុមបាតតារាង Salernitana ២-០ នៃក្របខណ្ឌអ៊ីតាលី Serie A សប្តាហ៍ទី ១៥។

បន្ទាប់ពីចាញ់ Chelsea ៤-០ នៅ UEFA Champions League និងចាញ់ Atalanta ២-០ ក្នុងដីខ្លួនឯង Juventus បានបើកការនាំមុខមុននៅនាទីទី២១ ដោយ Paulo Dybala ខណៈគ្រាប់ទីពីរសំរេចបានដោយខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata នៅនាទីទី៧០។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Massimiliano Allegri បន្ថែមបីពិន្ទុមាន ២៤ពិន្ទុឈរលេខ ៧ ក្នុងតារាងខណៈ Salernitana ដែលបង្ហាញខ្លួននៅក្របខណ្ឌកំពូលអ៊ីតាលីជាលើកដំបូងតាំងពីឆ្នាំ១៩៩៩ នោះបន្តឈរបាតតារាងមានត្រឹម ៨ពិន្ទុប៉ុណ្ណោះក្រោយលេងបាន ១៥ប្រកួត។

ងាកមកប្រកួតផ្សេងទៀតយប់មិញដែរ Fiorentina យកឈ្នះ Sampdoria ៣-១ ដើម្បីបន្តឈរពីលើ Juventus មាន ២៤ពិន្ទុស្មើគ្នា។ ខ្សែប្រយុទ្ធស៊ែប Dusan Vlahovic នៅតែបន្តរកគ្រាប់បាល់បានក្នុងការប្រកួតនេះដែលជាគ្រាប់បាល់សរុបទី៣៩ ហើយរបស់គេនៅ Serie A។ ចំណែក Atalanta បានយកឈ្នះ Venezia ៤-០ ធ្វើបានដោយ Mario Pasalic បីគ្រាប់ម្នាក់ឯង៕
អត្ថបទ៖នាង សុភាវុធ