ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បានប្រកាសរដ្ឋាភិបាលអន្តរកាល ដោយមានស្ត្រី និងជនជាតិភាគតិចសាសនា ក្នុងចំណោមអ្នកដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី។

គណៈរដ្ឋមន្ត្រី ដែលបានពង្រីក ត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរពីការគ្រប់គ្រងជាច្រើនទសវត្សរ៍នៃគ្រួសារ លោក Assad និងដើម្បីធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសស៊ីរី មានភាពល្អប្រសើរ ជាមួយប្រទេសលោកខាងលិច។

នៅក្នុងសុន្ទរកថា លោក Sharaa បានរៀបរាប់ពីគោលដៅរបស់លោកសម្រាប់ប្រទេសស៊ីរី។ វារួមមានការកសាងប្រទេសស៊ីរីឡើងវិញនៅលើមូលដ្ឋាននៃការទទួលខុសត្រូវ ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គម ព្រមទាំងការពង្រឹងសិទ្ធិមនុស្ស ផងដែរ។
លោកនិយាយថា «ខ្ញុំចង់សង្កត់ធ្ងន់ថា រដ្ឋាភិបាលនេះគឺជារដ្ឋាភិបាលនៃការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ ជារដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះបំណងប្រាថ្នា និងក្តីសង្ឃឹមរបស់ប្រជាជននៃអនាគតដ៏ភ្លឺស្វាង និងនិរន្តរភាព។ យើងជឿជាក់ថា ការងារលំបាកនិងស្មោះត្រង់ រួមជាមួយកិច្ចសហប្រតិបត្តិការរវាងប្រជាជននឹងជាគន្លឹះដើម្បីសម្រេចបានគោលដៅ។
អាជ្ញាធរថ្មីដឹកនាំដោយក្រុមឥស្លាមនិយមនិកាយស៊ុននី បានរងសម្ពាធពីប្រទេសលោកខាងលិច និងបណ្តាប្រទេសអារ៉ាប់ ដើម្បីបង្កើតរដ្ឋាភិបាលដែលរួមបញ្ចូលសហគមន៍សាសនា ជនជាតិភាគតិចចម្រុះ របស់ប្រទេសស៊ីរី។