ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហារលើកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ដែលបានបណ្តាលឲ្យកងរក្សាសន្តិភាពកេនយ៉ាម្នាក់ស្លាប់។

បេសកកម្មរក្សាស្ថិរភាពចម្រុះរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បាននិយាយថា កងរក្សាសន្តិភាពត្រូវបានវាយប្រហារដោយ «ក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ» ក្នុងអំឡុងពេលចេញល្បាត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាសន្តិសុខបានចូលរួមរំលែកទុក្ខ ចំពោះគ្រួសារជនរងគ្រោះ ព្រមទាំងប្រទេសកេនយ៉ា និងអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សា បានរំលឹកឡើងវិញថា ការវាយប្រហារលើកងរក្សាសន្តិភាព អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម ហើយបានរំលឹកដល់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយបានជំរុញឱ្យអាជ្ញាធរសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល បង្កើនកិច្ចប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណក្រុមប្រព្រឹត្តចំពោះសោកនាដកម្មនេះ ដើម្បីនាំពួកគេមកកាត់ទោសឲ្យបានឆាប់រហ័ស។