ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ (២៩ មីនា) ថា លោកមិនបានព្រមានបណ្ដានាយកប្រតិបត្តិឧស្សាហកម្មរថយន្ត ប្រឆាំងនឹងការដំឡើងថ្លៃទេ ខណៈការដំឡើងពន្ធ ២៥% លើរថយន្តផលិតពីបរទេសជិតចូលជាធរមាន ដោយប្រាប់សារព័ត៌មាន NBC News ថា លោក "មិនខ្វល់ខ្វាយអ្វីបន្តិចឡើយ" ប្រសិនបើពួកគេដំឡើងថ្លៃបែបនោះ។

សេតវិមានបាននឹងកំពុងរៀបចំដាក់ការដំឡើងពន្ធថ្មីលើទំនិញប្រើប្រាស់ជាច្រើននៅថ្ងៃទី០២ ខែមេសា ក្នុងវិធានការមួយដែលបានទាក់ទាញការរិះគន់ពីបណ្ដាមេដឹកនាំអន្តរជាតិ និងការព្រួយបារម្ភពីលទ្ធភាពនៃកំណើនតម្លៃសម្រាប់អ្នកប្រើប្រាស់។

នៅក្នុងបទសម្ភាសន៍របស់ NBC News លោក Trump និយាយថា ពន្ធអចិន្ត្រៃយ៍របស់លោកលើរថយន្តផលិតនៅបរទេស នឹងក្លាយជាការជំរុញដល់រោងចក្រមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយមានទំនុកចិត្តថា ជំហាននេះនឹងនាំឱ្យមានកំណើនការលក់រថយន្តដែលផលិតនៅអាមេរិក។ លោក Trump លើកឡើងថា "លោកសង្ឃឹមថាពួកគេដំឡើងតម្លៃរថយន្ត ពីព្រោះប្រសិនបើមានការឡើងថ្លៃមែន នោះប្រជាជនអាមេរិកនឹងសម្រុកទៅទិញរថយន្តផលិតនៅអាមេរិក"។

ពន្ធគយគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក Trump ក្នុងការលើកកម្ពស់ការផលិតរបស់អាមេរិក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេស។ លោក Trump អះអាងថា ការដំឡើងពន្ធនឹងជំរុញឱ្យមានការរីកចម្រើននៅក្នុងឧស្សាហកម្មរថយន្តរបស់អាមេរិក ប៉ុន្តែអ្នកជំនាញជាច្រើនប្រកែកថា ពន្ធនាំចូលខ្ពស់នឹងមានឥទ្ធិពលផ្ទុយពីនេះ៕