យោងតាមក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ហាយដ្រូ វ័ន (Hydro One) បានឱ្យដឹងថា ប្រជាជនកាណាដាជាង ៣៥០.០០០នាក់ បានប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនៅក្នុងផ្នែកខ្លះនៃខេត្ត Ontario កាលពីថ្ងៃអាទិត្យ (៣០ មីនា) ខណៈព្យុះទឹកកកដ៏កំណាចបានវាយលុកលើតំបន់នេះកាលពីចុងសប្តាហ៍។

ក្រសួងបរិស្ថានកាណាដា បានចេញការព្រមានពីព្យុះរដូវរងា សម្រាប់ភ្លៀងធ្លាក់ដ៏ត្រជាក់នៅក្នុងទីក្រុងអូតាវ៉ា ផ្នែកខ្លះនៃខេត្ត Quebec និង Ontario ជាមួយនឹងហានិភ័យនៃព្រិលលាយឡំគ្នា ឬអាចក្លាយទៅជាសំណុំទឹកកក ដែលរំពឹងថានឹងបន្តរហូតដល់ព្រឹកថ្ងៃចន្ទ ៣១ មីនា នេះនៅក្នុងតំបន់មួយចំនួន។

ទីភ្នាក់ងារផ្គត់ផ្គង់ Hydro One បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា "ការដាច់ចអគ្គិសនីភាគច្រើនត្រូវបានបង្កឡើងដោយការបាក់មែកឈើមកពីភ្លៀងដ៏ត្រជាក់" ខណៈក៏មានហានិភ័យនៃទឹកជំនន់សម្រាប់ភាគកណ្តាលខេត្ត Ontario ផងដែរ។ ក្រុមហ៊ុននេះបន្តថា អតិថិជនជាង ៣៥០.០០០នាក់ បានរងផលប៉ះពាល់គិតត្រឹមរសៀលថ្ងៃអាទិត្យ ដោយថាមពលត្រូវបានរំពឹងថានឹងស្ដារឡើងវិញនៅថ្ងៃទី០១ ខែមេសា។
ស្ថាប័នផ្តល់សេវាប្រើប្រាស់ Alectra បាននិយាយថា មានអតិថិជនប្រហែល ៣៥.០០០នាក់ ដែលពុំមានថាមពល ជាចម្បងនៅក្នុងក្រុង Barrie ភាគខាងជើង Toronto។ អ្នកស្រុកជាច្រើននៅទូទាំងខេត្ត Ontario បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ផ្លូវត្រូវបានបិទដោយសារតែដើមឈើបាក់ ហើយមានការខូចខាតជាច្រើន ចាប់តាំងពីព្យុះចាប់ផ្តើម៕