ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប បានបន្តនៅថ្ងៃដំបូងនៃពិធីបុណ្យ Eid របស់មូស្លីម ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu មិនបង្ហាញសញ្ញាបន្ធូរដៃលើក្រុមហាម៉ាសទេ ស្របពេលមានកិច្ចចរចាបទឈប់បាញ់ថ្មី។

ការវាយឆ្មក់តាមអាកាសជាច្រើននៅព្រឹកព្រលឹមថ្ងៃអាទិត្យ (៣០ មីនា) បានវាយប្រហារលើតង់ និងលំនៅឋាន ខណៈប្រជាជនប៉ាឡេស្ទីនបានប្រារព្ធពិធីបុណ្យ Eid al-Fitr ដែលជាការបញ្ចប់ខែតមអាហាររបស់មូស្លីមនៃបុណ្យរ៉ាម៉ាដន។ មន្ត្រីប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៤នាក់ រួមទាំងកុមារផងដែរ នៅថ្ងៃដំបូងនៃបុណ្យ Eid al-Fitr ដ៏វិសិដ្ឋមួយនេះ។

ស្របពេលមានអំពើហិង្សា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប បន្តធ្លាក់ចុះដុនដាប ខណៈអ៊ីស្រាអែល បានបញ្ឈប់ការផ្តល់ជំនួយទៅកាន់ដែនដីនេះតាំងពីដើមខែមីនាមក។ ទន្ទឹមនឹងនេះ ក្ដីសង្ឍឹមទុកសម្រាប់វឌ្ឍនភាពនៃកិច្ចចរចាបទឈប់បាញ់ហាក់នៅឆ្ងាយ។
កាលពីថ្ងៃអាទិត្យ លោក Netanyahu បានទាមទារម្តងទៀតឱ្យក្រុមហាម៉ាសដកអាវុធ និងឱ្យមេដឹកនាំរបស់ខ្លួនចាកចេញពីហ្កាហ្សា ខណៈសន្យាថា នឹងបង្កើនសម្ពាធលើក្រុមនេះឱ្យដោះលែងអ្នកជាប់ឃុំសេសសល់ចំនួន ៥៩នាក់ ដោយក្នុងនោះមាន ៣៥នាក់ត្រូវគេជឿថាបានស្លាប់រួចទៅហើយ៕