ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានលោក Vlodimir Zelensky ឱ្យគិតសារឡើងមុននឹងបដិសេធកំណែចុងក្រោយនៃកិច្ចព្រមព្រៀងរ៉ែដែលបានស្នើឡើងរបស់ទីក្រុងវ៉ាស៊ីនតោន ធ្ងន់ធ្ងរជាងសេចក្តីព្រាងមុនដែលត្រូវបានលុបចោលដោយសារការផ្ទុះឡើងសង្គ្រាមពាក្យសម្ដីរវាង មេដឹកនាំអ៊ុយក្រែន និង លោកTrump នៅឯសេតវិមាន។

លោក Trump បានទាមទារម្តងហើយម្តងទៀត ឱ្យទីក្រុងគីវ សងវិញនូវអ្វីដែលលោកបានទាមទារ រាប់រយពាន់លានដុល្លារ ជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈទ្រព្យសម្បត្តិរ៉ែរបស់អ៊ុយក្រែន ដែលដើមឡើយផ្តោតលើ "រ៉ែកម្រ"។ កំណែមុននៃកិច្ចព្រមព្រៀងនោះ ត្រូវគេរំពឹងថាត្រូវចុះហត្ថលេខានៅដើមខែមីនា ប៉ុន្តែត្រូវបានដកចេញភ្លាមៗបន្ទាប់ពីលោក Zelensky បានប៉ះទង្គិចជាសាធារណៈជាមួយ លោកTrump និងអនុប្រធានាធិបតី J.D. Vance ក្នុងអំឡុងពេលកិច្ចប្រជុំ នៅការិយាល័យប្រធានាធិបតីអាមេរិក។

បន្ទាប់ពីលោក Trump បានបង្កកជាបណ្តោះអាសន្ននូវជំនួយយោធា និងការចែករំលែកព័ត៌មានចារកម្មជាមួយក្រុង គីវ លោក Zelensky បានបង្ហាញពីឆន្ទៈក្នុងការត្រលប់ទៅការចរចារវិញ ខណៈនៅតែទទូចថា អ៊ុយក្រែន ពុំជំពាក់អ្វីដល់វ៉ាស៊ីនតោននោះទេ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Zelensky បានបញ្ជាក់ថា អ៊ុយក្រែនបានទទួលសំណើសេចក្តីព្រាងច្បាប់ថ្មីមួយ ប៉ុន្តែបានអះអាងថា មានរឿងជាច្រើនដែលមិនត្រូវបានពិភាក្សាពីមុនមក ហើយក៏មានរឿងមួយចំនួន ដែលភាគីទាំងពីរ បានបដិសេធពីមុនផងដែរ៕
យោងតាមកាសែត Financial Times បានឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងថ្មីយ៉ាងទូលំទូលាយមួយស្តីពីការគ្រប់គ្រងធនធានរ៉ែកម្រ និងថាមពលអ៊ុយក្រែន ដោយមិនផ្តល់ការធានាសន្តិសុខជាក់លាក់ណាមួយដល់ទីក្រុងគីវជាថ្នូរមកវិញទេ ខណៈពង្រីកការទាមទារពីមុនរបស់ខ្លួនយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យក្រុមមន្រ្តីអ៊ុយក្រែនមិនសប្បាយចិត្ត ហើយប្រដូចផែនការនោះទៅនឹងការប្លន់៕