ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ស្នើសុំកញ្ចប់ថវិកាពីជប៉ុន ដោយនឹងអនុម័តក្នុងពេលឆាប់ៗ ក្នុងថវិការរង្វង់ប្រមាណ ១,៦ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅជនបទ ដើម្បីឲ្យប្រជាពលរដ្ឋនៅជនបទ មានលទ្ធភាពបានប្រើប្រាស់អគ្គិសនី និងការធ្វើអាជីវកម្មផ្សេងៗ។
លោកស្រី Alissar Chaker ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកស្រីបានសម្តែងនូវការអបអរសាទរ ចំពោះការអភិវឌ្ឍវិស័យថាមពលរបស់រាជរដ្ឋាលភិបាល ដោយទទួលបានជោគជ័យទាំងស្រុង លើការផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់ គ្រប់ភូមិទូទាំងប្រទេស ។ ពិសេសនោះ ការតភ្ជាប់ទៅតំបន់ជនបទ ដែលការងារនេះបានផ្សារភ្ជាប់យ៉ាងខ្លាំងស្របតាមបេសកម្មរបស់ UNDP ដោយសារគោលដៅរបស់ UNDP គឺការពិនិត្យមើលពីការខ្វះចន្លោះនៅតំបន់ដែលពិបាកតភ្ជាប់អគ្គិសនី ធ្វើយ៉ាងណាដើម្បី ឲ្យប្រជាពលរដ្ឋដែលនៅតាមតំបន់ដាច់ស្រយាល ទទួលបានអគ្គិសនីប្រើប្រាស់ ។
លោកស្រី បន្តថា តាមរយៈនៃការអភិវឌ្ឍន៍វិស័យអគ្គិសនីនេះ UNDP នឹងបន្តជម្រុញកិច្ចសហការស្របតាមការចុះអនុស្សារណៈ ព្រមទាំងបន្តស្វែងរក និងការកៀរគរជំនួយហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ផ្សេងៗ។ ជាក់ស្តែងនាថ្មីៗនេះ UNDP បានដាក់សំណើរទៅស្ថានទូតជប៉ុន ហើយគម្រោងនេះ គ្រោងនឹងអនុម័តក្នុងពេលឆាប់ៗ សម្រាប់អភិវឌ្ឍនៃការផ្សារភ្ជាប់អគ្គិសនីនៅជនបទ ដែលមានកញ្ចប់ថវិការប្រមាណ ១,៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍គម្រោងរយៈពេល ១៨ខែ ដែលគោលការណ៍នេះនឹងអភិវឌ្ឍន៍តាមហេដ្ឋរចនាសម្ព័ន្ធ នៃក្របខណ្ឌច្បាប់ថាមពលរបស់កម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋនៅជនបទមានលទ្ធភាពបានប្រើប្រាស់អគ្គិសនី ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។
ក្នុងជំនួបនេះ, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើដល់ UNDP បន្ថែម លើការពិនិត្យលទ្ធភាពសហការ និងអនុវត្តសកម្មភាពការងារថាមពលដោយផ្ទាល់ជាមួយក្រសួងរ៉ែ និងថាមពលសម្រាប់គម្រោងថ្មីៗបន្តទៀត ជាពិសេស សហការរៀបចំគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីខ្នាតតូចដល់សហគមន៍ និងភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីទៅដល់ ដែលបច្ចុប្បន្ន នៅសល់៣៥០ភូមិ ស្មើនឹង ២,៤៧% នៃភូមិសរុបទូទាំងប្រទេស ដែលភូមិទាំងអស់នោះ គឺជាភូមិលំបាកតភ្ជាប់អគ្គិសនីទៅជូនពួកគាត់ដូចជា ភូមិលេចទឹក ភូមិនៅកណ្តាលព្រៃភ្នំ គ្មានផ្លូវឆ្លងកាត់ជាដើម។
សូមបញ្ជាក់ថា៖ ជុំវិញគម្រោងអភិវឌ្ឍន៍វិស័យថាមពលនេះ, កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានគាំទ្រគម្រោង អភិវឌ្ឍន៍ថាមពលរបស់កម្ពុជារួមមាន៖ ការផ្តល់ជំនួយហិរញ្ញប្បទាន គម្រោងកសាងសមត្ថភាព, គម្រោងបច្ចេកទេស និងការសិក្សាស្រាវជ្រាវ និងការផ្តល់ជាសម្ភារៈបរិក្ខាជាដើម ដែលសរុបមានចំនួនប្រមាណ ១០ គម្រោងសម្រាប់ឆ្នាំ២០២១ នេះ ៕
អត្ថបទ៖ សុន រ៉ាឌី