កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) បានរងការបាញ់ប្រហារពីកងទ័ពអ៊ីស្រាអែល កាលពីរសៀលថ្ងៃសៅរ៍ តាមខ្សែបន្ទាត់ព្រំដែន Blue Line ដែលខណ្ឌចែក ប្រទេសលីបង់ និងអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យ UNIFIL លោក Andrea Tenenti ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«កងរក្សាសន្តិភាព UNIFIL បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានបាញ់ព្រមានពីកាំភ្លើងយន្តឆ្លងខ្សែបន្ទាត់ព្រំដែន Blue Line ។

ឧប្បត្តិហេតុនេះ បានកើតឡើងក្នុងអំឡុងពេលល្បាតតាមកាលវិភាគ នៅជិតភូមិ Rmeish ភាគខាងត្បូងប្រទេសលីបង់ ដែលមានទីតាំងនៅផ្នែកកណ្តាលនៃតំបន់ព្រំដែន។ UNIFIL បាននិយាយថា៖«គ្មាននរណាម្នាក់ ត្រូវបានបង្កគ្រោះថ្នាក់ទេ» ហើយបានហៅហេតុការណ៍ដ៏អាក្រក់នេះ ថា ជា «ការរំលោភលើសេចក្តិសម្រេចលេខ១៧០១របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ នៅថ្ងៃដដែលនោះ កងរក្សាសន្តិភាព UNIFIL បានរាយការណ៍ថា ការល្បាតរបស់កងទ័ពអ៊ីស្រាអែល បានបាញ់ពន្លឺកាំរស្មីឡាស៊ែរដាក់ពួកគេ ដោយកំណត់គោលដៅទៅលើរាងកាយ និងភ្នែករបស់ពួកគេ។
លោក Tenenti បានថ្កោលទោសចំពោះសកម្មភាពទាំងអស់នេះ ដោយបញ្ជាក់ថា៖«សកម្មភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ខណៈពេលដែលពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេ គឺមិនអាចទទួលយកបានទេ...យើងកំពុងតាមដានឧប្បត្តិហេតុទាំងនេះ ជាមួយកងទ័ពអ៊ីស្រាអែល»។