កងទ័ពនៃទីបញ្ជាការរបស់អាមេរិកនៅអាហ្រ្វិក (AFRICOM) បានធ្វើការវាយប្រហារលើទីតាំង ដែលគ្រប់គ្រង ដោយក្រុមភេរវកររដ្ឋឥស្លាម (IS) នៅលើទឹកដីនៃប្រទេសសូម៉ាលី។

ទីបញ្ជាការរបស់អាមេរិកនៅអាហ្រ្វិក (AFRICOM)បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី ២០ ខែមីនា។ យោធាអាមេរិក បានសម្របសម្រួលការវាយប្រហារ ជាមួយរដ្ឋាភិបាលសូម៉ាលី។ ការវាយប្រហារនេះ បានកំណត់គោលដៅ ទៅលើទីតាំងក្រុមរដ្ឋឥស្លាម នៅភាគអាគ្នេយ៍នៃទីក្រុង Bosaso នៃរដ្ឋផាន់ធ៍ឡែន (Puntland)។

របាយការណ៍បាបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ បាបង្កការគំរាមកំហែងដល់យោធាអាមេរិក។ ព័ត៌មានលម្អិតផ្សេងទៀតនៃប្រតិបត្តិការនេះ មិនត្រូវបានលាតត្រដាងទេ។
គេហទំព័រ Semafor បានសរសេរកាលពីថ្ងៃទី ២៨ ខែមីនាថា រដ្ឋាភិបាលរបស់ប្រទេសសូម៉ាលី បានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវ«ការគ្រប់គ្រងប្រតិបត្តិការផ្តាច់មុខ» លើកំពង់ផែយុទ្ធសាស្ត្រ នៅឈូងសមុទ្រ Aden ។ នៅក្នុងលិខិតដែលឃើញដោយគេហទំព័រនេះ ប្រធានាធិបតីប្រទេសសូម៉ាលី លោក Hassan Sheikh Mohamud បានស្នើសុំឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍ នៅតាមទីតាំងជាយុទ្ធសាស្ត្រមួយចំនួន ក្នុងនោះមានកំពង់ផែ Berbera និងមូលដ្ឋានទ័ពអាកាស ដែលស្ថិតនៅក្នុងប្រទេសសូម៉ាលីឡែន (Somaliland) និងកំពង់ផែ Bosaso និងមូលដ្ឋានទ័ពអាកាស នៅក្នុងរដ្ឋផាន់ធ៍ឡែន។ ទោះជាយ៉ាងនេះក្តី គ្រឿងយុទ្ធោបករណ៍ទាំងនោះ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសសូម៉ាលីទេ។