មេដឹកនាំយោធាមកពីប្រទេសអ៊ូហ្គង់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានអំពាវនាវឲ្យក្រុមប្រដាប់អាវុធក្នុងស្រុកដែលប្រតិបត្តិការ នៅតំបន់ភាគខាងកើតប្រទេសកុងហ្គោ ដែលកំពុងមានភាពជ្រួលច្របល់ ចុះចាញ់និងចូលរួមក្នុងកម្មវិធីរំសាយអាវុធរបស់រដ្ឋាភិបាលកុងហ្គោ។

លោក Chris Magezi អ្នកនាំពាក្យស្តីទីនៃកងកម្លាំងការពារប្រជាជនអ៊ូហ្គង់ដា (UPDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា មេបញ្ជាការកងទ័ព បានជំរុញឲ្យ កងជីវពលប្រដាប់អាវុធទទួលយកកម្មវិធីរំសាយអាវុធ រំសាយកងកម្លាំង ការធ្វើសមាហរណកម្ម និង ស្ថិរភាពរបស់រដ្ឋាភិបាលកុងហ្គោ ។ លោកបានព្រមានថា កងជីវពលដែលមិនព្រមចុះចាញ់ នឹងត្រូវបានកំណត់គោលដៅ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសម្របសម្រួលទ្វេភាគី និងការវាយតម្លៃរយៈពេលពីរថ្ងៃ រវាងមេបញ្ជាការយោធាជាន់ខ្ពស់មកពីកងកម្លាំងការពារប្រជាជនអ៊ូហ្គង់ដា (UPDF) និងសមភាគីកុងហ្គោ របស់ពួកគេ។ កិច្ចប្រជុំដែលបានធ្វើឡើង នៅទីក្រុង Bunia ជារដ្ឋធានីនៃខេត្ត Ituri ក្នុងប្រទេសកុងហ្គោ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមីនា គឺជាផ្នែកមួយនៃប្រតិបត្តិការយោធារួមគ្នា ដែលត្រូវបានគេស្គាល់ថា «ប្រតិបត្តិការ Shujaa» ប្រឆាំងនឹងក្រុមឧទ្ទាមនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF)។
គណៈប្រតិភូយោធាអ៊ូហ្គង់ដាដឹកនាំដោយលោក Kayanja Muhanga មេបញ្ជាការកងកម្លាំងដីនៃកងកម្លាំងការពារប្រជាជនអ៊ូហ្គង់ដា ខណៈដែលគណៈប្រតិភូកុងហ្គោដឹកនាំដោយលោក Jacques Nduru អនុប្រធានអគ្គសេនាធិការសម្រាប់ប្រតិបត្តិការ និងស៊ើបការណ៍។
កាលពីសប្តាហ៍មុន យោធាអ៊ូហ្គង់ដា បានប្រកាសថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ Lendu ប្រដាប់អាវុធចំនួន ២៤២នាក់ មកពីសហករណ៍អភិវឌ្ឍន៍កុងហ្គោ (CODECO) ដែលជាក្រុមមួយដែលត្រូវបានរាយការណ៍ថា ជាសម្ព័ន្ធមិត្តជាកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ(ADF)។