អាជ្ញាធរលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យជាច្រើននាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីគ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានបាញ់ទៅលើប្រទេសអ៊ីស្រាអែលដែលនៅជិតខាង កាលពីដើមខែនេះ ដែលជាតេស្តសាកល្បងបទឈប់បាញ់នៅខែវិច្ឆិកាដ៏ផុយស្រួយនោះ។

ទីភ្នាក់ងារសន្តិសុខទូទៅរបស់ប្រទេសលីបង់ បាននិយាយថា ខ្លួនបាន«ចាប់ខ្លួនជនសង្ស័យមួយចំនួន ហើយអាជ្ញាធរពាក់ព័ន្ធ បានចាប់ផ្តើមការស៊ើបអង្កេលើពួកគេ ដើម្បីកំណត់ការទទួលខុសត្រូវ និងចាត់វិធានការតាមច្បាប់យ៉ាងសមស្រប»។

ក្រុមសកម្មប្រយុទ្ធហេបូឡា ដែលធ្វើសង្គ្រាមដ៏បំផ្លិចបំផ្លាញជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការបាញ់រ៉ូកែត ដែលបានកើតឡើង កាលពីថ្ងៃទី ២២ និង ២៨ ខែមីនា។
ទោះជាយ៉ាងនេះក្តី ការបាញ់រ៉ូកែតទាំងនោះ បានជំរុញឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានរឹងមាំរបស់ក្រុមហេបូឡា នៅទីក្រុងបេរូត ( Beirut) ជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន នៅក្នុងខែវិច្ឆិកា។