នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជ្រើសរើសអតីតមេបញ្ជាការកងទ័ពជើងទឹក លោក Eli Sharvit ឲ្យធ្វើជាប្រធានបន្ទាប់នៃទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង បើទោះជាតុលាការកំពូល បានបង្កកការបណ្តេញចេញនូវប្រធានដែលកំពុងកាន់តំណែងក្តី។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បន្ទាប់ពីធ្វើបទសម្ភាសន៍ស៊ីជម្រៅជាមួយបេក្ខជនដែលមានលក្ខណសម្បត្តិដ៏សក្តិសមចំនួន ៧រូប លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្រេចចិត្តតែងតាំងអតីតមេបញ្ជាការកងទ័ពជើងទឹកអ៊ីស្រាអែល លោកឧត្តមនាវីទោ Eli Sharvit ជានាយកបន្ទាប់នៃទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល(Shin Bet)»។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា លោក Sharvit បានបម្រើការក្នុងជួរយោធាអស់រយៈពេល ៣៦ឆ្នាំ ក្នុងនោះ រយៈពេល ៥ឆ្នាំ ជាមេបញ្ជាការកងទ័ពជើងទឹក។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«នៅក្នុងតំណែងនោះ លោកបានដឹកនាំការកសាងកម្លាំងការពារដែនសមុទ្រនៃដែនទឹក និងបានធ្វើប្រតិបត្តិការសំខាន់ៗ ប្រឆាំងនឹងក្រុមហាម៉ាស ហេសបូឡា និងអ៊ីរ៉ង់»។
រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមបណ្តេញប្រធានទីភ្នាក់ងារលោក Ronen Bar ចេញពីតំណែង នៅថ្ងៃទី ២១ ខែមីនា បន្ទាប់ពីលើកឡើងពីការខ្វះការទុកចិត្តជាបន្តបន្ទាប់។

