អាជ្ញាធរអ៊ីរ៉ង់ បានចុះប្រតិបត្តិការបំបែកបាតុកម្មមួយដែលក្រុមអ្នកតវ៉ាកំពុងអំពាវនាវបន្តឹងការអនុវត្តលើច្បាប់ស្លៀកពាក់ ជាពិសេសទៅលើស្បៃរុំហ៊ីចាប ខណៈក្ដីបារម្ភសន្តិសុខកើនឡើង។ នៅល្ងាចថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីការប្រមូលផ្តុំទិវាគុត (Quds Day) ដែលរៀបចំដោយរដ្ឋក្នុងការគាំទ្របុព្វហេតុប៉ាឡេស្ទីនបានបញ្ចប់ នគរបាលបានបន្តទៅបំបែកហ្វូងមនុស្សតវ៉ារាប់សិបនាក់ ដែលបោះជំរំនៅមុខសភាអស់ជាច្រើនសប្តាហ៍។
ក្រុមបាតុករ ដែលភាគច្រើនជាស្ត្រីស្លៀកឈុតខ្មៅពេញដងខ្លួន បានស្នាក់នៅទីនោះជិត ៥០ថ្ងៃហើយ ដើម្បីតវ៉ាប្រឆាំងនូវអ្វីដែលពួកគេចាត់ទុកថាជា “ភាពធូររលុងនៃច្បាប់តម្រូវឱ្យពាក់ស្បៃរុំហ៊ីចាប” ដែលពួកគេគិតថាជាការបោះបង់ចោល "តម្លៃសាសនាអ៊ិស្លាម"។

ស្ត្រី និងបុរសនៅអ៊ីរ៉ង់ ស្ថិតក្រោមច្បាប់មួយដែលត្រូវបានអនុម័តភ្លាមៗបន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩ របស់ប្រទេសនេះ ក្នុងការប្រកាន់ខ្ជាប់នូវក្រមសំលៀកបំពាក់ដ៏តឹងរ៉ឹង រួមទាំងស្បៃរុំក្បាល ឬហៅថាហ៊ីចាបសម្រាប់ស្ត្រី ដោយអ្នកមិនអនុវត្តអាចជាប់ពន្ធនាគារ រងការវាយដំ ឬទណ្ឌកម្មហិរញ្ញវត្ថុ។
អស់ជាច្រើនទស្សវត្សមកហើយ អាជ្ញាធរអ៊ីរ៉ង់បានអនុវត្តកាតព្វកិច្ចការពារហ៊ីចាប តាមរយៈការល្បាតដោយនគរបាលនិងកងកម្លាំងសន្តិសុខ ក្នុងអ្វីដែលគេហៅថា “នគរបាលសីលធម៌” ឬការល្បាតតាមការណែនាំរបស់អ៊ិស្លាម ដោយឃាត់ខ្លួនមនុស្សនៅតាមដងផ្លូវដែលខ្លួននិយាយថា "ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ" ហើយយកទៅ "អប់រំឡើងវិញ" នៅមជ្ឈមណ្ឌលដែលបានកំណត់ ឬត្រូវផ្តន្ទាទោសនៅតុលាការ៕

