អ្នកស៊ើបអង្កេតបាននិយាយថា នគរបាលកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតទៅលើបុរសវ័យ ៥៦ឆ្នាំម្នាក់ ដែលសង្ស័យថាបានបង្កឱ្យមានចំហេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះដោយអចេតនា ខណៈពេលកំពុងសម្អាតផ្នូរដូនតារបស់ខ្លួន។

គួរឱ្យដឹងថា ចំហេះព្រៃ ដែលត្រូវគ្រប់គ្រងបានរួចហើយនោះ បានកាន់តែខ្លាំងក្លានៅពេលឆេះដំបូង ដោយសារខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួត ហើយសម្លាប់មនុស្ស ៣០នាក់ និងបំផ្លាញព្រៃជាង ៤៨.០០០ហិកតា ខណៈក្រុមមន្ត្រីបានហៅថាជាចំហេះដ៏អាក្រក់បំផុតក្នុងត្រាកូរ៉េខាងត្បូង ដោយអណ្ដាតភ្លើងបានលាតត្រដាងពីការពិតដ៏អាក្រក់នៃការឡើងកម្ដៅពិភពលោក។
មន្រ្តីក្នុងតំបន់និយាយថា នៅតំបន់ Uiseong ខាងជើងនៃខេត្ត Gyeongsang ដែលជាតំបន់រងគ្រោះខ្លាំងបំផុត បុរសម្នាក់ដែលមិនត្រូវបង្ហាញអត្តសញ្ញាណ ត្រូវបានសង្ស័យថាជាអ្នកដុតភ្លើងដោយអចេតនា ខណៈកំពុងសម្អាតផ្នូរដូនតារបស់គេកាលពីថ្ងៃទី២២ ខែមីនា។
មន្ត្រីបន្តថា ក្រុមស៊ើបអង្កេតនឹងកោះហៅបុរសនោះមកសាកសួរ ខណៈការត្រួតពិនិត្យនៅនឹងកន្លែងបានបញ្ចប់ ដែលអាចចំណាយពេលលើសពីមួយខែ។ កូនស្រីរបស់ជនសង្ស័យបានប្រាប់អ្នកស៊ើបអង្កេតថា ឪពុករបស់នាងបានព្យាយាមដុតមែកឈើដែលដុះរញ៉េរញ៉ៃពីលើផ្នូរ ជាមួយនឹងដែកកេះ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា អណ្តាតភ្លើងត្រូវបាន "បង្កើនកម្លាំងដោយខ្យល់ ហើយក៏ដុតបញ្ឆេះព្រៃ" នេះបើតាមសម្ដីកូនស្រីជនសង្ស័យនិយាយទៅកាន់អាជ្ញាធរ។ នគរបាលកូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់លើបញ្ហានេះទេ៕


