នៅពេលដែលប្រជាជនម៉ូស្លីមទូទាំងពិភពលោកបានប្រារព្ធពិធីបុណ្យ Eid al-Fitr នៅសប្តាហ៍នេះជាមួយនឹងការជួបជុំក្រុមគ្រួសារយ៉ាងរីករាយ ការប្រារព្ធពិធីនៅក្នុងប្រទេសយេម៉ែនត្រូវបានគ្របដណ្ដប់ដោយការពិតដ៏អាក្រក់នៃសង្រ្គាម ការដួលរលំសេដ្ឋកិច្ច និងការវាយប្រហារតាមអាកាសជាថ្មីរបស់សហរដ្ឋអាមេរិកផ្តោតលើក្រុមហ៊ួទី ដែលគូសបញ្ជាក់ភាពតានតឹងដ៏ជ្រៅក្នុងប្រទេសដែលស៊ូទ្រាំនឹងជម្លោះជាងមួយទសវត្សរ៍មកនេះ។
នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ក្នុងពេលដែលយេម៉ែន រៀបចំសម្រាប់ថ្ងៃបុណ្យ Eid ដើម្បីបញ្ចប់ការតមអាហារក្នុងបុណ្យរ៉ាម៉ាដន យន្តហោះចម្បាំងអាមេរិកបានវាយប្រហារទីតាំងយោធាហ៊ួទី ក្នុងខេត្ត Saada ភាគខាងជើង និងក្នុងរដ្ឋធានីសាណា។

ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលគ្រប់គ្រងផ្នែកធំៗនៅភាគខាងជើងយេម៉ែនមួយនេះ ក៏បានអះអាងថា កងកម្លាំងរបស់ខ្លួនបានប៉ះទង្គិចជាមួយនាវាអាមេរិកនៅសមុទ្រក្រហម រួមទាំងនាវាផ្ទុកយន្តហោះ USS Truman ក្នុងរយៈពេល ២៤ម៉ោងមុននោះ។
សម្រាប់ប្រជាជនយេម៉ែនជាច្រើន អំពើហិង្សាដែលកើនឡើង និងភាពក្រីក្រកាន់តែជ្រៅនោះបានលុបបំបាត់អារម្មណ៍រីករាយនៃពិធីបុណ្យ។ អ្នកស្រុកនៅទូទាំងទឹកដីដែលកាន់កាប់ដោយក្រុមហ៊ួទី បានពិពណ៌នាបុណ្យ Eid នេះថាជារឿងហត់នឿយ និងខ្វះខាត ដោយគ្រួសារជួបការលំបាកមិនមានលទ្ធភាពទិញសម្ភារចាំបាច់ ដោយសារតែវិបត្តិជាច្រើនក្នុងប្រទេសនេះ៕

