កំពត៖ ឋិតក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាកសិករក្នុងខេត្តកំពតបានខិតខំបង្កបង្កើនផលស្រូវ និងដំណាំដាំដុះផ្សេងៗទៀតបែបធម្មតា ហើយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាកសិករប្រមូលផលស្រូវវស្សា បានជាង៣សែនតោន ស្មើនឹង៧៦ភាគរយ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តកំពត ប្រមូលផលស្រូវរដូវវស្សាបានចំនួនជាង៣២ម៉ឺនតោនគឺស្មើនឹង៧០ភាគរយ ហើយទិន្នផលជាមធ្យមជាង៣តោនក្នុងមួយហិកតា។
លោកបានបន្តថា ឆ្នាំ២០២១ខេត្តកំពត មានផ្ទៃដីបង្កបង្កើនផល សរុបចំនួនជាង១៥២ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលបាន ចំនួនជាង១០១ពាន់ហិកតាហើយ គឺស្មើនឹង៧៦,០៦ភាគរយ។
លោកប្រធានមន្ទីរ បានបញ្ជាក់ដែរថា ទន្ទឹមនឹងការប្រមូលផល ការនាំចេញស្រូវរដូវវស្សា ក៏មានដំណើរការល្អផងដែរ។ ក្នុងនោះ ការនាំស្រូវចេញតាមច្រកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ មានស្រូវអ៊ីអ៊ា ចំនួន៧១០តោន ស្រូវចម្រុះចំនួនជាង៣ពាន់តោន សរុបរួមប្រមាណ៤៥៥០ តោន។ តម្លៃលក់ចេញស្រូវអ៊ីអ៊ា គឺ៨៥០រៀន ក្នុងមួយគីឡូក្រាម ស្រូវចម្រុះ តម្លៃ១ពាន់៥០រៀល ក្នុងមួយគីឡូក្រាម។
លោកប្រធានមន្ទីរកសិកម្ម បានបន្ថែមឲ្យដឹងទៀតថា ចំពោះល្បឿនការងារបង្កបង្កើនផលស្រូវ រដូវប្រាំង ឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន ផែនការសន្ទូង ចំនួនជាង ៨ពាន់ហិកតា ផ្ទៃដីភ្ជួរអនុវត្តបាន៤.៨០០ហិកតា គឺអនុវត្តដោយគ្រឿងយន្ដ ផ្ទៃដីស្ទូងនិងព្រោះ អនុវត្តបានចំនួន៤.៨០០ហិកតា ស្មើនឹង៥៨,៣៩ភាគរយ នៃផែនការ៕
អត្ថបទ៖ អន សារឹម