នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ស្ថិតក្នុងទីក្រុងបាងកក ជាទីដែលអគារកំពុងសាងសង់ បានបាក់រលំ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រនៅប្រទេសជិតខាងមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន ។
លោកស្រី Paetongtarn បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីទទួលបានបច្ចុប្បន្នភាពពីស្ថានភាព ហើយលោកស្រី បានសន្យាគាំទ្រ ក្នុងនោះក្រុមមន្រ្តីរដ្ឋាភិបាល និយាយថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ឧបករណ៍ ឬជំនួយបន្ថែមទៀតដែលត្រូវការ ។
ភ្លាមៗក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃ សញ្ញាជីវិត ត្រូវបានរកឃើញ ជំរុញឲ្យមានកិច្ចខិតខំជួយសង្រ្គោះកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា លោកស្រី Paetongtarn បានចាកចេញពីកន្លែងកើតហេតុ ដើម្បីចៀសវាងការរំខានដល់ប្រតិបត្តិការជួយសង្រ្គោះ ។
បើទោះបីជាវាមានរយៈពេល ៧២ម៉ោង ចាប់តាំងពីអគារបាក់រលំយ៉ាងណាក្តី កិច្ចខិតខំជួយសង្រ្គោះ នៅតែបន្តដោយសង្ឃឹមថានឹងស្វែងរកឃើញអ្នករស់រាន ។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ បានសម្លាប់មនុស្សជិត ២ពាន់នាក់នៅមីយ៉ាន់ម៉ា ខណៈនៅថៃ មនុស្សយ៉ាងហោច ១៨នាក់ ត្រូវបានគេប្រកាសថាបានស្លាប់ ហើយមនុស្ស ៧៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួនក្រោមអគារបាក់រលំ ៕