អ្នកនាំពាក្យវិមាន Downing Street បាននិយាយថា អំឡុងការជជែកតាមទូរសព្ទ កាលពីល្ងាចថ្ងៃអាទិត្យ (ទី៣០ ខែមីនា) នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាអំពី «ការចរចាប្រកបដោយផលិតភាព» ឆ្ពោះទៅរកការមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចប្រកបដោយវិបុលភាព រវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
បើយោងតាមសេចក្តីថ្លែងការណ៍របស់វិមាន Downing Street បានឲ្យដឹងថា មេដឹកនាំទាំង ២ បាននិយាយថា ការចរចានឹងបន្តប្រព្រឹត្តទៅនៅសប្តាហ៍នេះ ហើយបានព្រមព្រៀងបន្តរក្សាទំនាក់ទំនង ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ សេចក្ដីថ្លៃងការណ៍ បានបន្ថែមថា អង់គ្លេសសង្ឃឹមថា ការចរចាកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងជួយបញ្ចៀសដំណាក់កាលដ៏ទូលំទូលាយនៃការដំឡើងពន្ធបដិការ។
គួររំលឹកថា កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក លោក Trump បាននិយាយថា លោកបើកចំហរឲ្យមានកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដែលស្វែងរកការបញ្ចៀសការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះ នឹងត្រូវតែចរចាបន្ទាប់ពីរដ្ឋបាលរបស់លោក បានប្រកាសពីការយកពន្ធបដិការ នៅថ្ងៃទី២ ខែមេសា។ លោក Trump បានប្រាប់ថា ប្រទេសជាច្រើន ដែលរួមមានទាំងអង់គ្លេសផងដែរ បានធ្វើទំនាក់ទំនងមកអាមេរិក ដើម្បីពិភាក្សាបញ្ចៀសពីវិធានការដំឡើងពន្ធបដិការនេះ៕