បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឬដូសទី៣ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចាក់ដូសទី២រួច ឬគ្រប់ដូស នៅក្នុងក្របខណ្ឌទូទាំងខេត្ត ចាប់ពីថ្ងៃស្អែកទៅ។
ដំណើរការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋប្រមាណជាង៥០ម៉ឺននាក់ គឺនឹងធ្វើឡើងចាប់ ពីថ្ងៃទី០២ខែធ្នូនេះ នៅក្នុងក្រុងបាត់ដំបង និងចាប់ពីថ្ងៃទី០៦ ខែធ្នូនេះ នៅតាមបណ្តាស្រុកទាំងអស់ ខណៈទីតាំងចាក់ត្រូវបានរដ្ឋបាលខេត្តកំណត់រួចរាល់អស់ហើយ។
ដើម្បីសម្រួលដល់ក្រុមការងារ និងប្រជាពលរដ្ឋក្នុងការមកទទួលវ៉ាក់សាំង មន្ទីរសុខាភិបាល បានណែនាំដល់ប្រធានស្រុកប្រតិបត្តិទាំង៥ ត្រូវចលនាប្រជាពលរដ្ឋឱ្យមកទទួលវ៉ាក់សាំង ដូចគ្នានឹងធ្វើយុទ្ធនាការកន្លងមក ដើម្បីធានាការចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងបានទាន់ពេល ជាពិសេសត្រូវផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋណា ដែលមិនទាន់បានទទួលវ៉ាក់សាំងសោះ។
ក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការនៅតាមបណ្ដាក្រុង ស្រុកនានា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាបន្តបន្ទាប់បានជំរុញដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ទាំង អស់ ត្រូវត្រួតពិនិត្យនិងជំរុញឲ្យមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានគ្រប់ដូស និងគ្រប់ៗគ្នា ហើយត្រៀមលក្ខណៈក្នុងការចាក់ជូននូវដូសជំរុញ ដែលជាដូសទី៣ នាពេលខាងមុខនេះ ព្រោះវ៉ាក់សាំង មិនបង្កផលប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញ វ៉ាក់សាំងនឹងជួយសង្រ្គោះជីវិតមនុស្សពីជំងឺកូវីដ-១៩ បើទោះបី ជាឆ្លងក៏មិនអាចធ្វើឱ្យស្ថានភាពជំងឺនោះធ្ងន់ធ្ងរឡើយ ៕
អត្ថបទ៖ នឿត សុភក្ត្រ