ទីផ្សារភាគហ៊ុនពិភពលោក បានដាំក្បាលចុះ នៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា វិធានការដំឡើងពន្ធ នឹងគ្របដណ្តប់លើគ្រប់ប្រទេស ជាហេតុនាំធ្វើឲ្យមានក្ដីបារម្ភ ដែលថា សង្រ្គាមពាណិជ្ជកម្មពិភពលោក អាចនាំទៅដល់ឱនភាពសេដ្ឋកិច្ច។
ការអត្ថាធិប្បាយរបស់លោក Trump ទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ហាក់បីដូចជាបំផ្លាញក្ដីសង្ឃឹម ដែលថា ការយកពន្ធនឹងមានការកម្រិតបន្ថែមទៀត។ លោក Trump គ្រោងនឹងទទួលអនុសាសន៍នៃការដំឡើងពន្ធ នៅថ្ងៃអង្គារ ហើយប្រកាសពីកម្រិតដំបូងនៅថ្ងៃពុធ ដោយបន្ទាប់មកអនុវត្តការដំឡើងពន្ធលើរថយន្តនៅថ្ងៃបន្ទាប់។
ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ពាណិជ្ជកម្មនេះ វិនិយោគិនបាននាំគ្នាសម្រុកទិញមូលបត្របំណុលអធិបតេយ្យភាព និងប្រាក់យ៉េនរបស់ជប៉ុន ខណៈពេលតម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតជាកំណត់ត្រា។ សន្ទស្សន៍ហ៊ុនរបស់ S&P 500 បានធ្លាក់ចុះ ០,៨ភាគរយ ដែលបន្តការធ្លាក់តាំងពីថ្ងៃសុក្រ ខណៈដែល Nasdaq ធ្លាក់ចុះ ១,៤ភាគរយ។ ហ៊ុនរបស់ EUROSTOXX 50 បានធ្លាក់ចុះ ០,៨ភាគរយ ខណៈដែលហ៊ុនរបស់ FTSE និង DAX ធ្លាក់ចុះ ០,៥ភាគរយ។
Nikkei របស់ជប៉ុន បានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល ៦ខែ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានបន្តទទួលរងប៉ះពាល់ដោយសាពន្ធ ២៥ភាគរយលោក Trump លើរថយន្តនាំចូល។ សន្ទស្សន៍ហ៊ុនធំជាងគេរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ ១,៩ភាគរយ ហើយនៅកូរ៉េខាងត្បូង ធ្លាក់ចុះ ៣,០ភាគរយ។ ចំណែកផ្សារហ៊ុនរបស់ចិន បានធ្លាក់ចុះ ១,០ភាគរយ។
អ្នកសេដ្ឋកិច្ចជាច្រើន មានក្ដីបារម្ភថា វិធានការពន្ធនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង សូម្បីតែក្នុងពេលដែលធនាគារកណ្តាលសហព័ន្ធ កំណត់វិសាលភាពកាត់បន្ថយអត្រាការប្រាក់ក៏ដោយ ព្រោះអតិផរណាឡើងខ្ពស់។
លោក Bruce Kasman ប្រធានសេដ្ឋវិទូនៅធនាគារ JPMorgan បានព្រមានថា៖ «ហានិភ័យនៃឱនភាពសេដ្ឋកិច្ច បានឡើងខ្ពស់ ពោលគឺដល់ ៤០ភាគរយ ដោយសារក្តីបារម្ភ ដែលថា គោលនយោបាយរបស់សហរដ្ឋអាមេរិកដ៏គឃ្លើននេះ បានប៉ះពាល់ដល់អារម្មណ៍អាជីវកម្ម និងក្រុមគ្រួសារ»៕