ភ្នំពេញ ៖ស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើប រដ្ឋមន្រ្តីក្រសួងព័ត៌មានទទូចដល់ដល់អ្នកសារព័ត៌មាន និងសាធារណៈចូលរួមកម្ចាត់ព័ត៌មានក្លែងក្លាយនៅក្នុងប្រព័ន្ធឌីជីថល។
ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣១ខែមីនានេះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
នៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ព័ត៌មានក្លែងក្លាយបែកចែកជាបីប្រភេទសំខាន់ៗរួមមាន៖ព័ត៌មានក្លែងបន្លំ បំភ្លៃ និងភ័ន្តច្រលំ ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងបីនេះ គឺព័ត៌មានក្លែងបន្លំ និងបំភ្លៃ បង្កើតឡើងដោយចេនាអាក្រក់។ ក្នុងន័យឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទូចដល់អ្នកសារព័ត៌មាន និងសាធារណៈជនចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល។
នៅឆ្នាំ២០២៤កន្លងទៅ ក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានចំនួនជាង៣ពាន់ព័ត៌មាន ចំនួននេះប្រើប្រៀបនៅឆ្នាំ២០២៣ មានការកើនឡើងប្រមាណ១៤ភាគរយ។នេះបើតាមរបាយការណ៍របស់ក្រសួងព័ត៌មាន។
អត្ថបទ៖ទូច សោភ័ណ



