
ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb នៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ បាននិយាយថា លោកមិនទាន់បានឮនូវការនិយាយយ៉ាងប្រាកដប្រជានោះឡើយពីនរណាម្នាក់ នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ដែលថា អាមេរិកនឹងដកខ្លួនចេញពីអង្គការណាតូ។
ការកត់សម្គាល់របស់លោកបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក Stubb កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានធ្វើដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីទៅជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida ជាកន្លែងដែលមេដឹកនាំទាំង២ បានពិភាក្សាអំពីប្រធានបទផ្សេងៗគ្នា និងបានលេងកីឡាវាយកូនហ្គោលជាមួយគ្នាផងដែរ។
នៅឯព្រឹត្តិការណ៍មួយ ក្នុងសាលាសេដ្ឋកិច្ច នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស លោក Stubb បាននិយាយថា៖ «ខ្ញុំមិនទាន់បានឮនោះឡើយនូវការនិយាយយ៉ាងប្រាកដប្រជាពីនរណាម្នាក់ នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ហើយខ្ញុំមិនឃើញមាននរណាម្នាក់សង្កត់ធ្ងន់ នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ដោយនិយាយថា ពួកគេកំពុងដកខ្លួនចេញពីអង្គការណាតូនោះ»។
លោក Stubb បានន្ថែមថា៖ «អ្វីដែលលោកប្រធានាធិបតី Trump កំពុងធ្វើឥឡូវនេះ គឺត្រឹមត្រូវ។ លោកកំពុងដាក់សម្ពាធលើរដ្ឋអឺរ៉ុបឲ្យបង្កើនការចំណាយក្នុងវិស័យការពារជាតិរបស់ពួកគេ និងឲ្យទទួលខុសត្រូវបន្ថែមទៀត ចំពោះសន្តិសុខរបស់ពួកគេ»។
គួរបញ្ជាក់ថា លោក Trump បានទាមទារម្តងហើយម្តងទៀតឲ្យសមាជិកអង្គការណាតូរបស់អឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ ហើយបានបង្ហាញការសង្ស័យ ចំពោះការចំណាយដ៏លើសលប់របស់ប្រទេសលោកទៅឲ្យសម្ព័ន្ធភាពយោធាមួយនេះ៕