នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំង និយាយថា រុស្ស៊ី និងសហរដ្ឋអាមេរកកំពុងធ្វើការលើគំនិតពុំបានបញ្ជាក់ជុំវិញការដោះស្រាយបញ្ហាសន្តិភាពនៅអ៊ុយក្រែន ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកខឹងខ្លាំងណាស់នឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
លោក Trump និយាយប្រាប់សារព័ត៌មាន NBC ថា លោក ខឹងខ្លាំងនឹងលោក Vladimir Putin ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅពេលដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោកស្រី Kristen Welker របស់ទូរទស្សន៍ NBC បាននិយាយថាលោក Trump បានទូរស័ព្ទទៅលោកស្រីដើម្បីបង្ហាញពីការខឹងសម្បារបស់លោកចំពោះលោក Putin ។
លោកTrump បានប្រាប់លោកស្រី Welker ថាលោក "ខឹងខ្លាំងណាស់" ចំពោះការអត្ថាធិប្បាយថ្មីៗរបស់លោក Putin ពីសមត្ថភាពរបស់លោក Zelenskyy និងការនិយាយពីមេដឹកនាំថ្មីនៅអ៊ុយក្រែន។
លោក Trumpនិយាយថា លោកនឹងដាក់ពន្ធសេដ្ឋកិច្ច ២៥ភាគរយ ដល់ ៥០ភាគរយលើអ្នកដែលទិញប្រេងរុស្ស៊ី បើសិនជាលោកយល់ឃើញថា ទីក្រុងម៉ូស្គូ រារាំងកិច្ចខិតខំរបស់លោក ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
ពេលសួរពីសេចក្តីអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា លោក Putin នៅតែបើកទំលាយចំពោះការទាក់ទងជាមួយលោក Trump ហើយការជជែកគ្នាតាមទូរស័ព្ទរវាងពួកគេទាំង ២ អាចនឹងបង្កើតឡើងក្នុងការជូនដំណឹងខ្លី បើសិនជាចាំបាច់ បើទោះបីជាពុំទាន់មានការជជែកគ្នាតាមទូរស័ព្ទណាមួយត្រូវបានកំណត់ធ្វើឡើងក្នុងសប្តាហ៍នេះក៏ដោយ ៕