នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលអាហ្សង់ទីន ចេញសន្ទស្សន៍ភាពក្រីក្ររបស់ខ្លួនសម្រាប់ឆមាសទី ២ សម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែប្រធានក្រុមសង្កេតការណ៍បំណុលសង្គមរបស់សាកលវិទ្យាល័យ UCA លោក Agustin Silvia គិតថា បើទោះបីជាមានកិច្ចខិតខំរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Javier Milei ក្នុងការបង្រួមអតិផរណាយ៉ាងណាក្តី ភាពក្រីក្រនៅតែមានដដែលចន្លោះពី ៣៧ភាគរយ ដល់ ៣៩ភាគរយ ។
នៅក្នុងផ្សារមួយកន្លែងនៅទីក្រុង Buenos Aires គេមើលឃើញ មនុស្សជាច្រើនគ្រួសារ នាំគ្នាទិញម្ហូបអាហារ ។ ក្រុមកម្មករដែលធ្វើការនៅទីនោះ និយាយថា ពីមុន ពួកគេពុំធ្លាប់ដែលមើលឃើញមនុស្សច្រើនមកទិញម្ហូបអាហារបែបនេះនោះទេ ។
លោក Salvia ពន្យល់ថា បើទោះបីជាលោក Milei សម្រេចបានស្ថិរភាពមីក្រូសេដ្ឋកិច្ចយ៉ាងណាក្តី កម្មករអាហ្សង់តីន និងនិវត្តន៍ជន នៅមានប្រាក់ចំណូលទាបនៅឡើយជាងកាលដែលពួកគេធ្លាប់មានកាលពីចុងឆ្នាំ ២០២៣ ។
លោកបន្តថា អត្រាមានការងារធ្វើកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ហើយការងារដែលពួកយើងមាន មានភាពមិនច្បាស់លាស់ជាងមុន ។
ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានមើលឃើញអតិផរណាហក់ឡើងខ្ពស់កប់ពពករហូតដល់ ៦៦,៩ភាគរយ ពេលដែលរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយការដកចេញការគ្រប់គ្រងដើមទុន ហើយបច្ចុប្បន្នប្រជាពលរដ្ឋនៅតែជួបការពិបាក ដើម្បីចាយវាយ និងការកាត់បន្ថយសេវាសាធាណៈ ៕