សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានឲ្យដឹងថា នៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ កម្មករអណ្តូងរ៉ែ ៥នាក់ បានបាត់បង់ជីវិត ខណៈ ៤នាក់ បានរងរបួស អំឡុងពេលមានឧបទ្ទវហេតុ ក្នុងអណ្តូងរ៉ែធ្យូងថ្ម នៅតំបន់ភាគខាងជើងនៃតំបន់ Asturias របស់ប្រទេសអេស្ប៉ាញ។
ជាមួយគ្នានេះ សេវាសង្គ្រោះបន្ទាន់ បានបន្ថែមថា កម្មករ ២នាក់ទៀត មិនមានរបួសអ្វីឡើយ ហើយបានបញ្ជាក់ប្រាប់អំពីហេតុការណ៍នេះថា នៅវេលាម៉ោង ៩:៣២ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:៣២ ម៉ោងសកល) ម៉ាស៊ីន ១គ្រឿង បានដំណើរការខុសប្រក្រតី នៅក្នុងអណ្តូងរ៉ែនោះ ដែលមានទីតាំងនៅក្នុងទីក្រុង Degana ទើបនាំឲ្យមានការផ្ទុះកើតឡើង។ ឧទ្ធម្ភាគចក្រ ៣គ្រឿង និងរថយន្តសង្គ្រោះ ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
មេដឹកនាំតំបន់ លោក Adrian Barbon បានប្រកាសកាន់ទុក្ខរយៈពេល ២ថ្ងៃ ហើយនាយករដ្ឋមន្រ្តី លោក Pedro Sanchez បានចូលរួមការរំលែកទុក្ខរបស់លោកទៅកាន់សាច់ញាតិជនរងគ្រោះនៅលើបណ្ដាញសង្គម X៕