នៅថ្ងៃចន្ទនេះ មន្ទីរពេទ្យមីយ៉ាន់ម៉ា បានហូរហៀរដោយជនរងគ្រោះ ខណៈរដ្ឋាភិបាលយោធាប្រកាសថា មនុស្សជាង ២ពាន់នាក់ ត្រូវបានសម្លាប់ ហើយពួកគេបានប្រកាសការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ១សប្តាហ៍ ចាប់ផ្តើមពីថ្ងៃចន្ទតទៅ ក្រោយការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីសប្តាហ៍មុន បានវាយប្រហារប្រទេសមួយនេះ ។
នៅពេលមុននេះ របបសឹកមីយ៉ាន់ម៉ា បានប្រកាសថា មនុស្ស ២.០៥៦នាក់ ត្រូវបានសម្លាប់ ក្នុងនោះ មនុស្សជាង ៣.៩០០នាក់ បានរងរបួស ហើយមនុស្ស ២៧០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
អង្គការសហប្រជាជាតិ(UN) បានធ្វើការអំពាវនាវសុំស្វែងរកជំនួយបន្ទាន់ ៨លានដុល្លារ ស្របពេលដែលក្រុមផ្តល់ជំនួយ បានព្រមានពីវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ក្នុងនោះមន្ទីរពេទ្យ រងការខូចខាត ហើយនិងមានជនរងគ្រោះលើសចំណុះ ។
ខណៈពេលនោះដែរ នៅក្នុងប្រទេសជិតខាងថៃ មនុស្ស ២០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយនៅថ្ងៃចន្ទ មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីអគារប្រេះនៅទីក្រុងបាងកក ។
ដោយឡែក កិច្ចខិតខំជួយសង្រ្គោះនៅតែបន្តសម្រាប់កម្មករសំណង់ ៧៤នាក់ដែលជាប់ខ្លួននៅក្រោមគំនរបាក់បែកអគារខ្ពស់បាក់រលំក្នុងទីក្រុងបាងកក ប៉ុន្តែគ្មានសញ្ញានៃអាយុជីវិតនៅក្រោមគំនរបាក់បែកមួយនេះឡើយ ៕