ព្រះសីហនុ៖ «ខែ្មរធ្វើបាន» គឺជាមោទនភាពជាតិគ្របដណ្ដប់ទៅគ្រប់ជំនាន់ មិនមែនត្រឹមតែសំដៅដល់បច្ចុប្បន្ននោះទេ។
នេះគឺជាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំឡុងពេលសម្ដេចចុះពិនិត្យមើលសំណង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តព្រះសីហនុនៅរសៀលថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក្យមួយឃ្លា «ខ្មែរធ្វើបាន»ដែលត្រូវបានដំឡើងនៅលើវិថីសង់ថ្មីមួយខ្សែក្នុងខេត្តព្រះសីហនុនោះ សំដៅដល់សមិទ្ធផលដែលខ្មែរបានកសាងគ្រប់ជំនាន់ រួមទាំងសំណង់ប្រាសាទអង្គរវត្តដ៏ធំស្កឹមស្កៃផងដែរ។
សម្ដេចតេជោ ក៏បានបញ្ជាក់ថែមទៀតថា ពាក្យមួយឃ្លានេះ ក៏មានន័យគ្របដណ្ដប់ទៅលើសមិទ្ធផលជាតិ ដែលនឹងត្រូវសាងសង់ឡើងនាពេលអនាគតផងដែរ៕
