ប្រភពចំនួន២ ដែលបានដឹងដោយផ្ទាល់អំពីករណីនេះ នៅថ្ងៃចន្ទ (ទី៣១ ខែមីនា) នេះ បាននិយាយថា រដ្ឋអាជ្ញាអ៊ីតាលី បានបើកការស៊ើបអង្កេតលើលទ្ធភាពនៃករណីចារកម្ម និងអំពើភេរវកម្ម បន្ទាប់ពីយានដ្រូនបានហោះជាច្រើនដងលើមជ្ឈមណ្ឌលស្រាវជ្រាវរបស់សហភាពអឺរ៉ុប (EU) នៅភាគពាយព្យនៃប្រទេសអ៊ីតាលី។
ប្រភពបាននិយាយថា មជ្ឈមណ្ឌលស្រាវជ្រាវរួមអ៊ឺរ៉ុប (JRC) នៅទីក្រុង Ispra លើបឹង Maggiore បានរាយការណ៍ពីការហោះចំនួន ៥ដង កាលពីខែមីនា ដោយយានដ្រូនពាណិជ្ជកម្ម ដែលត្រូវបានគេជឿថា ជាផលិតផលរបស់រុស្ស៊ី ដោយវាយតម្លៃពីរូបភាព។ ការហោះពីលើ JRC ដែលបានបើកដំណើរការនៅឆ្នាំ១៩៦០ ជាកន្លែងស្រាវជ្រាវនុយក្លេអ៊ែរ មិនត្រូវបានអនុញ្ញាតនោះទេ។
ប្រភពបានបន្ថែមថា ជាលទ្ធផល នាយកដ្ឋានប្រឆាំងភេរវកម្មនៃការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុង Milan បានបើកការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីចារកម្មយោធា ឬនយោបាយ សម្រាប់គោលបំណងភេរវកម្ម។ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីគណៈកម្មការអឺរ៉ុប ពាក់ព័ន្ធនឹងករណីនេះ៕