ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកទឹកចិត្តដល់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់សហការជាមួយក្រសួង រួមនឹងអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្កាត់នូវបញ្ហាប្រឈមនានា ដូចជាការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station - Fake BTS)។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនទូរសព្ទចល័ត ក្រុមហ៊ុនបង្គោលអង់តែន និងក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិកនៅកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងពីបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងបានលើកទឹកចិត្តដល់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ឱ្យសហការបន្ថែមទៀតជាមួយក្រសួង និងនិយ័តករទូរគមនាគមន៍កម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់យន្តការចូលរួមទប់ស្កាត់នូវបញ្ហាទាំងនោះ ដូចជា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ៩០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់អំពីកិច្ចសហការដ៏ល្អរវាងក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា ជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត បង្គោលអង់តែន និង ខ្សែកាបអុបទិក ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ទូទាំងរាជធានី ខេត្ត សំដៅពង្រឹង និងពង្រីកគុណភាពសេវាទូរគមនាគមន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅតាមភូមិសាស្រ្តអាទិភាពក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅពង្រឹងសោភ័ណ្ឌភាពទីក្រុង៕






