លោក Mochizuki Daihei ប្រធានបេសកកម្មនៃអង្គការទេសន្តប្រវេសន៍អន្តរជាតិ ឬ IOM នៅមីយ៉ាន់ម៉ា បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK នៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយសហភាពមីយ៉ាន់ម៉ា ដោះស្រាយមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លា កាលពីសប្តាហ៍មុន។

លោក Mochizuki បាននិយាយថា ទីក្រុងធំបំផុតទីពីររបស់មីយ៉ាន់ម៉ា គឺទីក្រុង Mandalay កំពុងប្រឈមគ្រោះថ្នាក់នៃស្ថានភាពយ៉ាប់យ៉ឺនទាំងផ្នែកសណ្តាប់ធ្នាប់សង្គម និងអនាម័យ។ លោក និយាយថា ជនភៀសខ្លួនជាច្រើនត្រូវបានបង្ខំឱ្យដេកនៅខាងក្រៅហាលវាល ក្នុងសួនច្បារ និងនៅតាមដងផ្លូវ ហើយដោយសារនៅមុនពេលរញ្ជួយដីមនុស្សជាង៣លាននាក់ បានភៀសខ្លួននៅខាងក្នុងប្រទេសរួចហើយ ធ្វើឲ្យស្ថានភាពអាចនឹងមានអស្ថិរភាពបន្ថែមទៀត នៅក្នុងប្រទេសនេះ។

លោក Mochizuki និយាយថា ប្រហែលមួយភាគបួននៃបុគ្គលិកអង្គការទេសន្តប្រវេសន៍អន្តរជាតិ ឬ IOMក្នុងស្រុកប្រហែល២០០នាក់ ស្ថិតនៅក្នុងទីក្រុង Mandalay ជិតចំណុចកណ្តាលនៃការរញ្ជួយដី ឬនៅតំបន់ដែលរងផលប៉ះពាល់ផ្សេងទៀត ពួកគេមួយចំនួនបានរងការខូចខាតលំនៅឋាន ប៉ុន្តែពួកគេនៅតែចូលរួមក្នុងការអង្កេត និងធ្វើប្រតិបត្តិការជួយសង្គ្រោះ ខណៈកំពុងស្នាក់នៅក្នុងការិយាល័យរបស់ពួកគេ។
លោក Mochizuki បាននិយាយថា បុគ្គលិកសង្គ្រោះគួរតែត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់គ្រប់គ្រងដោយយោធាដែលមានការរឹតត្បិតខ្លាំង ដើម្បីផ្តល់ជំនួយដល់អ្នកទាំងឡាយដែលកំពុងត្រូវការ។