មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានចេញការព្រមានមួយកាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងប្រឈម"ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង" ប្រសិនបើខ្លួនធ្វើសកម្មភាពលើការគំរាមកំហែងរបស់ប្រធានាធិបតី Donald Trump ក្នុងការវាយប្រហារលើអ៊ីរ៉ង់ និងការដំឡើងពន្ធជាបន្តបន្ទាប់ លុះត្រាតែទីក្រុងតេអេរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

លោក Trump បានរំលឹកឡើងវិញនូវការគំរាមកំហែងរបស់លោកកាលពីថ្ងៃអាទិត្យនៅក្នុងលិខិតមួយផ្ញើទៅកាន់ថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ ដោយទុករយៈពេលពីរខែឱ្យអ៊ីរ៉ង់ ដើម្បីចរចាកិច្ចព្រមព្រៀងថ្មីមួយ។

ជាការឆ្លើយតប អ៊ីរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសស្វីស ដែលតំណាងឱ្យផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងធ្វើជាអន្តរការី ក្នុងការបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងតេអេរ៉ង់ ឆ្លើយតប "យ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ" ចំពោះការគំរាមកំហែងបែបនេះ។

លោក Khamenei បានប្រកាសថា "សត្រូវមកពីអាមេរិក និងអ៊ីស្រាអែល តែងតែនៅទីនោះ។ ពួកគេគំរាមវាយប្រហារយើង ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់ណាមួយ ពួកគេប្រាកដជានឹងទទួលការវាយប្រហារតបវិញយ៉ាងខ្លាំងក្លា។
លោកបានបន្ថែមថា រាល់ការប៉ុនប៉ងណាមួយដើម្បីញុះញង់ឲ្យមានការបះបោរផ្ទៃក្នុង នឹងត្រូវជួបប្រទះដោយកម្លាំងនៃប្រជាជនអ៊ីរ៉ង់។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងមិនចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនទេ ប៉ុន្តែបើកចំហចំពោះការចរចាដោយប្រយោល ស្របតាមការណែនាំរបស់លោក Khamenei ៕