យោងតាមធានាគារវិនិយោគ Goldman Sachs មានមូលដ្ឋាននៅអាមេរិក បានឱ្យដឹងថា សេដ្ឋកិច្ចអាមេរិកប្រឈមហានិភ័យកើនឡើងនៃឱនភាពសេដ្ឋកិច្ច ដោយសារការកើនឡើងនៃការដំឡើងពន្ធគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចនៅទ្រឹង ដោយរុញឲ្យមានអតិផរណាកើនឡើង និងកំណើនភាពអត់ការងារធ្វើ ។

ធនាគារ Wall Street បានព្រមានអតិថិជនកាលពីយប់ថ្ងៃអាទិត្យថាឥឡូវនេះខ្លួនបានមើលឃើញឱកាស ៣៥% នៃឱនភាពសេដ្ឋកិច្ចក្នុងរយៈពេល១២ ខែបន្ទាប់ពីកើនឡើង ២០% លើសពីកម្រិតកាលពីកន្លងទៅ។

ធនាគារវិនិយោគ Goldman Sachs ក៏បានបង្កើនការប៉ាន់ប្រមាណអតិផរណារបស់ខ្លួនផងដែរ ដោយកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុប GDP ឆ្នាំ ២០២៥ របស់ខ្លួនមកត្រឹម ១% និងបង្កើនការរំពឹងទុកអត្រាអ្នកអត់ការងារធ្វើនៅចុងឆ្នាំនេះពី០,៣ភាគរយដល់៤,៥% ។

ធនាគារ Goldman Sachs នៅតែរំពឹងថាសេដ្ឋកិច្ចអាមេរិកនឹងជៀសផុតពីការធ្លាក់ចុះខណៈដែលក្រុមអ្នកព្យាករណ៍ផ្សេងទៀតគិតថាច្រើនជាង៥០/៥០ ។ នេះគឺជាលទ្ធភាពដែលអាចទៅរួចនៃការធ្លាក់ចុះសេដ្ឋកិច្ចខ្ពស់បំផុតរបស់ Goldman ចាប់តាំងពីវិបត្តិធនាគារក្នុងតំបន់កាលពីពីរឆ្នាំមុន។ អត្រានៅពេលនេះ គឺកើតចេញពីសង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ដែលត្រូវបានសន្និដ្ឋាន ថានឹងកាន់តែខ្លាំងក្លាថែមទៀត ក្នុងសប្តាហ៍នេះ។
ទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការស្ទង់មតិពីអារម្មណ៍អ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញភាគរយខ្ពស់បំផុតនៃពលរដ្ឋអាមេរិកដែលរំពឹងថាភាពអត់ការងារធ្វើនឹងកើនឡើងចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំ ខណៈការរំពឹងទុកអតិផរណាឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៣២ ឆ្នាំ៕