រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងនៅក្នុងសុន្ទរកថាដែលចេញផ្សាយនៅថ្ងៃអង្គារ (០១ មេសា) នេះថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើទំនិញពីប្រទេសចិន គឺគ្មានមូលដ្ឋានច្បាស់លាស់ទេ ហើយកំពុងបំផ្លាញទីផ្សារពិភពលោក និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Wang បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA នៅក្នុងកិច្ចសម្ភាសន៍មួយថា ការដំឡើងពន្ធនឹងមិនជួយសហរដ្ឋអាមេរិកដោះស្រាយបញ្ហាដែលមានស្រាប់ឡើយ ប៉ុន្តែ "នឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែដល់ទីផ្សារពិភពលោក និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អាមេរិកផ្ទាល់ផងដែរ"។

ខណៈដែលថ្ងៃទី០២ មេសា ដែលលោកប្រធានាធិបតីអាមេរិក Donald Trump ហៅថា “ថ្ងៃរំដោះ” សម្រាប់ការប្រកាសពន្ធ “បដិការ” លើដៃគូពាណិជ្ជកម្មរបស់អាមេរិកកាន់តែខិតជិតមកដល់ សំណួរនៅទីក្រុងប៉េកាំងគឺថា តើនេះជាពេលដែលសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក កំពុងពង្រីក ឬយ៉ាងណា។

ចាប់តាំងពីការវិលត្រឡប់មកសេតវិមានវិញក្នុងខែមករា លោក Trump បានដំឡើងពន្ធ ២០% លើការនាំចូលរបស់ចិនរួចទៅហើយ។ បន្ទាប់ពីថ្កោលទោសពន្ធរបស់អាមេរិកថាជា "ការគំរាមកំហែង" និង "ការបំភិតបំភ័យ" ទីក្រុងប៉េកាំង បានវាយបកវិញយ៉ាងរហ័ស ដោយប្រកាសពន្ធសងសឹកពី ១០% ទៅ ១៥% លើទំនិញកសិកម្មអាមេរិក ហើយក៏បានប្ដេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាទៅលើសកម្មភាពពន្ធថ្មីណាមួយ៕