ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (៣១ មីនា) ថា ទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយបានទទួលស្គាល់ថា នៅពេលណាមួយ លោកអាចទំនាក់ទំនងដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា "ភាគីទាំងពីរមានទំនាក់ទំនងដ៏អស្ចារ្យ ហើយកំពុងមានការប្រាស្រ័យទាក់ទងគ្នា" ។ លោកបន្តថា "រូបលោកប្រហែលជានឹងធ្វើអ្វីមួយនៅពេលណាមួយ" ដោយសំដៅដល់ទំនាក់ទំនងដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង។

មេដឹកនាំអាមេរិករូបនេះបន្ថែមថា ចំណុចចាប់ផ្ដើមមិនសូវល្អទេជាមួយបុរសរ៉ូកែត -ជាឈ្មោះហៅក្រៅដែលលោក Trump បានដាក់ឱ្យលោក Kim Jong Un អំឡុងអាណត្តិសេតវិមានលើកទីមួយរបស់លោក- ដោយរំលឹកថា "កាលពីមុនដោយសារតែស្ថានការណ៍មិនសូវល្អ ទើបមេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរសព្ទ ហើយក៏បានជួបដោយផ្ទាល់"។
លោក Trump ដែលហៅកូរ៉េខាងជើងថាជា “មហាអំណាចនុយក្លេអ៊ែរ” ធ្លាប់បានជួបជាមួយលោក Kim បីដងក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួនដើម្បីពិភាក្សាពីកម្មវិធីអាវុធដែលដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង ហើយបានលើកឡើងជាថ្មីកាលពីខែមករាក្នុងពេលទើបកាន់តំណែងអាណត្តិទី២ អំពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយលោក Kim ដោយនិយាយថា មេដឹកនាំទាំងពីររូបចូលចិត្តគ្នាទៅវិញទៅមក៕