តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ដែលកំពុងពិនិត្យមើលសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol នឹងប្រកាសសាលក្រមលើការសម្រេចចិត្តរបស់ខ្លួន ថាតើត្រូវដកលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬក៏ផ្ដល់ឱសារណកម្ម (ការប្រគល់តំណែងឱ្យវិញ) នៅថ្ងៃសុក្រ ទី០៤ ខែមេសា ខាងមុខនេះ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់តុលាការនាថ្ងៃអង្គារ (០១ មេសា)។

តុលាការនិយាយថា សេចក្តីសម្រេចនឹងត្រូវធ្វើឡើងនៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) ហើយការផ្សាយបន្តផ្ទាល់នៃសម័យប្រជុំ នឹងត្រូវបានអនុញ្ញាត។ គួរបញ្ជាក់ថា លោក Yoon ត្រូវបានសភាចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីត្រូវចោទថារំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយការប្រកាសច្បាប់អាជ្ញាសឹកនៅដើមខែធ្នូ ដោយពុំមានហេតុផលសមស្រប។

មេដឹកនាំដែលត្រូវផ្អាកតំណែងរូបនេះបាននិយាយថា លោកមិនដែលមានបំណងដាក់ច្បាប់យោធាពេញលេញទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីប្រកាសអាសន្នជុំវិញការបំពានរបស់បក្សប្រឆាំង ប្រជាធិបតេយ្យ លើសំឡេងភាគច្រើនក្នុងសភា ដែលលោកអះអាងថា កំពុងគំរាមកំហែងបំផ្លាញប្រទេស។
រដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូងបង្ហាញថា តុលាការ ដែលបច្ចុប្បន្នមានចៅក្រម ៨រូប និងនៅទំនេរមួយអាសនៈ អាចសម្រេចបណ្តេញលោក Yoon ពីតំណែងបាន នៅពេលណាដែលចៅក្រម ៦រូបឬច្រើនជាងនេះយល់ស្រប។ ប្រសិនបើលោក Yoon ត្រូវដកតំណែងពិតមែន ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ៕