ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តេជ្ញាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការវាយប្រហារលើក្រុមហ៊ួទី របស់យេម៉ែន នឹងបន្តរហូតដល់ពួកគេលែងជាការគំរាមកំហែងដល់ការដឹកជញ្ជូននៅសមុទ្រក្រហមទៀត ដោយព្រមានក្រុមឧទ្ទាម និងអ្នកគាំទ្រក្រុមនេះ គឺ អ៊ីរ៉ង់ អំពីការឈឺចាប់ពិតប្រាកដ នាពេលខាងមុខ។

ក្រុមនេះអះអាងថាសកម្មភាពរបស់ខ្លួន ជាការបង្ហាញសាមគ្គីភាជាមួយពលរដ្ឋប៉ាឡេស្ទីនដែលរងការសម្លាប់រង្គាល ក្រោមដៃអ៊ីស្រាអែល នៅដែនដីហ្កាហ្សា។
ការគំរាមកំហែងរបស់លោក Trump នៅលើបណ្តាញសង្គម Truth កើតឡើងទន្ទឹមរដ្ឋបាលរបស់លោកប្រឹងប្រែងតតាំងរឿងអាស្រូវជុំវិញការជជែកគ្នារវាងមន្ត្រីជាន់ខ្ពស់អាមេរិក ស្តីពីការវាយប្រហារនៅយេម៉ែន ដែលត្រូវបានបែកធ្លាយដោយចៃដន្យទៅកាន់អ្នកសារព័ត៌មានមួយរូប។

លោក Trump បាននិយាយថា "ជម្រើសសម្រាប់ក្រុមហ៊ួទី ច្បាស់លាស់ណាស់ គឺ ត្រូវបញ្ឈប់ការបាញ់ប្រហារលើនាវាអាមេរិក ហើយយើងនឹងបញ្ឈប់ការបាញ់ប្រហារលើអ្នក។ យើងទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយការឈឺចាប់ពិតប្រាកដមិនទាន់មកដល់នៅឡើយទេ សម្រាប់ទាំងក្រុមហ៊ួទីទាំង អ្នកឧបត្ថម្ភរបស់ពួកគេ គឺប្រទេសអ៊ីរ៉ង់។
លោក Trump បានបន្ថែមថាក្រុមហ៊ួទីនៅក្នុងប្រទេសយេម៉ែន ត្រូវបានបំផ្លាញ ដោយការវាយប្រហារឥតឈប់ឈរចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ដោយនិយាយថាកងកម្លាំងអាមេរិក នឹងវាយប្រហារពួកគេរាល់ថ្ងៃ ទាំងថ្ងៃ ទាំងយប់ ហើយកាន់តែខ្លាំងទៀតផង៕